អភិបាលខេត្តរតនគិរី អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងឈរជើង តាមបន្ទាត់ព្រំដែនគោគ ក្នុងភូមិសាស្ត្រខេត្ត
05-04-2026 13:39
(រតនគិរី)៖ ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គស២០២៦ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អមដំណើរដោយ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកងកម្លាំងការពារព្រំដែន កម្ពុជា-វៀតណាម-ឡាវ ចំនួន ៥ អង្គភាព រួមមាន កម្លាំនគរបាលវរៈព្រំដែនគោគ លេខ២០៣ និងលេខ៦២៣, កម្លាំងវរៈយោធាការពារព្រំដែនគោគ លេខ១១៣, កម្លាំងមន្ត្រីឧទ្យាននុរក្សបរិស្ថាន និងកងកម្លាំងវិស្វកម្ម ស្ថាបនាផ្លូវក្រវាត់ព្រំដែន។
នាឱកាសនេះលោកញ៉ែម សំអឿន បានពាំនាំនូវការសួរសុខទុក្ខ ដល់កងកម្លាំងពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន កម្ពុជា-វៀតណាម-ឡាវ ក្នុងភូមិសាស្រ្តខេត្តរតនគិរី។
លោកអភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេស សម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងយើង ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន។
លោកញ៉ែម សំអឿន បន្តថា ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែនជាការផ្សារភ្ជាប់ រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនង ឲ្យកាន់តែល្អនឹងគ្នា ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ពដែលឈរជើងនៅតាមព្រំដែនកម្ពុជា-វៀតណាម-ឡាវ ក្នុងកិច្ចការពារបូរណភាពទឹកដី។
លោកក៏បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនរបស់កងទ័ពយើង និងបានផ្តាំផ្ញើដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឲ្យបានល្អជាមួយកងកម្លាំងជាមួយបណ្តាប្រទេសជាមិត្ត និងត្រូវក្តាប់ឲ្យបានសភាពការណ៍ នៅតាមបណ្តោយព្រំដែន ដែលខ្លួនកំពុងឈរជើងការពារ។ ជាមួយគ្នានោះ ត្រូវចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។
នៅក្នុងឱកាសនេះលោកអភិបាលខេត្ត បានប្រគល់គ្រឿងឧបភោគ បរិភោគ ជូនកងកម្លាំងទាំង៥ អង្គភាព ក្នុង១ អង្គភាពទទួលបាន ថវិកា១លានរៀល, អង្ករ១តោន, ស្រាបៀរ១០កេស, ទឹកបរិសុទ្ធ១០កេស, និងភេសជ្ជៈគ្រប់ប្រភេទ ១០កេស៕

















