ការរារាំងនគរបាលធ្វើការ ប្រឈមជាប់ពន្ធនាគារអតិបរិមា ១ឆ្នាំ ឯការទទួលផលចោរកម្ម ប្រឈមជាប់ពន្ធនាគារអតិបរិមា ១០ឆ្នាំ
05-04-2026 15:13
(កំពង់ស្ពឺ)៖ ផ្តើមចេញពីករណីប្រជាពលរដ្ឋឡោមព័ទ្ធកម្លាំងនគរបាល ដែលដឹកជនល្មើសពាក់ព័ន្ធនឹងការទទួលផលចោរកម្ម នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦, Fresh News ដោយដកស្រង់អត្ថបទពី Fresh AI សូមបង្ហាញអត្ថបទពាក់ព័ន្ធចំណេះដឹងផ្នែកច្បាប់ ដែលការរារាំងនគរបាលធ្វើការ ប្រឈមជាប់ពន្ធនាគារអតិបរិមា ១ឆ្នាំ ឯការទទួលផលចោរកម្ម ប្រឈមជាប់ពន្ធនាគារអតិបរិមា ១០ឆ្នាំ ឯណោះ។
១៖ បទប្រឆាំងនឹងអ្នករាជការសាធារណៈ
ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា៥០៣ ចែងថា «ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយការតទល់ដោយប្រើហិង្សា នឹងអ្នករាជការសាធារណៈ ដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្ដីសម្រេចតុលាការ» ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៣ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល។ មានន័យថា រាល់សកម្មភាពទាំងឡាយណាដែលប្រឆាំងតទល់នឹងអ្នករាជការសាធារណៈ ដែលកំពុងបំពេញការងារក្នុងក្របខណ្ឌ តួនាទីរបស់ខ្លួន មានលក្ខណៈជាហិង្សា ដែលធ្វើឱ្យមានការរំខាន ឬប៉ះពាល់ដល់ការបំពេញតួនាទីរបស់អ្នករាជការសាធារណៈ ត្រូវទទួលទោស។
រីឯមាត្រា៥០៤ គឺពាក់ព័ន្ធនឹងស្ថានទម្ងន់នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល នៅក្នុងករណី៖
*១៖ ការប្រឆាំងនឹងអ្នករាជការសាធារណៈ បានប្រព្រឹត្តដោយបុគ្គលច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត ឬជាអ្នកផ្សំគំនិត។
*២៖ ចារីមានអាវុធ។
២៖ បទទទួលផលចោរកម្ម
វាជាប្រភេទបទល្មើសមជ្ឈិម ក្នុងមាត្រា៣៩៩ ក្រមព្រហ្មទណ្ឌ ដេលមាននិយមន័យថា «គឺជាអំពើទទួល លាក់បំបាំងរក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថាវត្ថុនោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម»។ មានន័យថា ប្រសិនបើជនណាម្នាក់បានទទួល លាក់បំបាំង ឬបញ្ជូនវត្ថុអ្វីមួយ ដោយខ្លួនបានដឹងថាវត្ថុនោះ គឺជាវត្ថុដែលបានមកពីការប្រព្រឹត្ដរាល់បទល្មើស គឺជាអំពើទទួលផលចោរកម្ម។
ក្រៅពីរូបភាពនៃអំពើខាងលើនេះ គឺមានសកម្មភាពមួយចំនួនទៀត ដែលគេចាត់ទុកថាជាការទទួលផលចោរកម្មផងដែរ ដែលសកម្មភាពនោះមានដូចជា៖
*១៖ អំពើធ្វើជាអន្តការី ដើម្បីបញ្ជូនវត្ថុអ្វីមួយដោយដឹងថារបស់នោះបានមកពីបទឧក្រិដ្ឋ ឬ បទមជ្ឈិម។
*២៖ អំពើដែលបានទទួលផលពីផលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ដោយបានដឹងហេតុការណ៍ច្បាស់។
តាមមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ អំពើទទួលផលចោរកម្ម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។
ស្ថានទម្ងន់ទោសនៃអំពើទទួលផលចោរកម្ម មានចែងក្នុងមាត្រា៤០១ នៃក្រមព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលណាអំពើនោះប្រព្រឹត្តឡើង៖
*១៖ ជាទម្លាប់។
*២៖ ដោយប្រើប្រាស់ភាពងាយស្រួលដែលការប្រកបសកម្មភាពវិជ្ជាជីវៈផ្តល់ឲ្យ។
*៣៖ ការប្រព្រឹត្តជាក្រុមមានការចាត់តាំង។
៣៖ បទល្មើសសមគំនិត
គួរដឹងចំណុចនេះដែរ! ប្រសិនបើនរណា មានគោលបំណងជួយឧក្រិដ្ឋជនឱ្យគេចខ្លួន ឬជួយសម្រួលការប្រព្រឹត្តបទល្មើស អាចត្រូវចោទពីបទ «សមគំនិត» គឺអ្នកសមគំនិត ត្រូវទទួលទោស ដូចគ្នានឹងអ្នកប្រព្រឹត្តផ្ទាល់។
សូមជម្រាបថា ដោយទទួលបានបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នគរបាលដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វេីការសហការជាមួយកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ក្រោមការបញ្ជាការលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនបក្ខពួកមុខសញ្ញា អ្នកទទួលផលចោរកម្ម ទិញរថយន្ដដែលចោរបានលួចយកមកពីខេត្ដព្រៃវែង រថយន្ដ ម៉ាក Hyundai ទម្ងន់ ២,៥តោន ដែលទទួលទិញពីជនល្មើស ក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត ២៣០០ដុល្លារ ខណៈរថយន្ដគ្មានឯកសារច្បាប់ដេីម នៅចំណុចភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ កាលពីថៃ្ងទី៤ ខែមេសា ឆ្នាំ២០២៦។
ចោរលួចរថយន្តនៅស្រុកពាមរក៏ ត្រូវនគរបាលខេត្តព្រៃវែង ដឹកមកចង្អុលបង្ហាញកន្លែងទទួលផលចោរកម្ម និងមុខសញ្ញានៅឃុំមហាឬស្សី ស្រុកគងពិសី។
ក្នុងប្រតិបត្ដិការសមត្ថកិច្ចធ្វេីការឃាត់មុខសញ្ញាទទួលទិញផលចោរកម្ម (យោងតាមការចង្អុលបង្ហាញពីមុខសញ្ញាដែលសមត្ថកិច្ចដឹកមកជាមួយ) ដែលមានឈ្មោះ កែវ ដារ៉ូ ភេទប្រុស មុខរបរ ទិញលក់រថយន្ដដោះបំបែកគ្រឿងលក់ (កាប់សាច់) ប៉ុន្ដែប្រតិបត្ដិការខាងលេីត្រូវប្រជាពលរដ្ឋចម្រុះ រួមជាមួយអ្នកធ្វេីដំណេីរបានមកឈរមេីលផ្អេីលឈួរឆរ និងបានធ្វេីសកម្មភាពឡោមព័ទ្ធរារាំងសមត្ថកិច្ច គោលបំណងរំដោះជនសង្ស័យមុខសញ្ញាចោរកម្ម មិនឲ្យសមត្ថកិច្ចអនុវត្ដ។
ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការឃាត់មុខសញ្ញាបានចំនួន ៣នាក់ រួមមាន៖
*១៖ ឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទិញលក់រថយន្ដ អ្នកទទួលផលចោរកម្ម
*២៖ ឈ្មោះ ថាត តេងណេង ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករារាំង
*៣៖ ឈ្មោះ ហួន ង៉ែត ភេទប្រុស អាយុ ៥៦ឆ្នាំ អ្នករារាំង។
ករណីខាងលេីសមត្ថកិច្ចបានបំបែកការតវ៉ា និងការឡោមព័ទ្ធមនុស្ស ក្នុងគោលបំណងដេីម្បីការពាររារាំងសមត្ថកិច្ចមិនឲ្យអនុវត្តនីតិវិធី ឃាត់ខ្លួនមុខសញ្ញាទទួលផលចោរកម្មទិញរថយន្ដពីចោរ និងបក្ខពួក។
បច្ចុប្បន្ន មុខសញ្ញាទាំង៣នាក់ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ដេីម្បីចំណាត់ការតាមនីតិវិធី៕





















