ជនបរទេសដែលចេះភាសាខ្មែរ៖ ការព្យាយាមនិយាយខ្មែរ «ជាមួយខ្មែរ» ឱ្យបានច្រើន គឺជាវិធីល្អបំផុត ដើម្បីគោរពភាសា និងវប្បធម៌ខ្មែរ

05-04-2026 16:30

(ភ្នំពេញ)៖ លោកបូជាចារ្យ គង់ វៀល ជនបរទេសម្នាក់ ដែលបាននិងកំពុងរៀនភាសាខ្មែរ បានលើកឡើងថា ការព្យាយាមនិយាយខ្មែរ «ជាមួយខ្មែរ» ឱ្យបានច្រើន គឺជាវិធីល្អបំផុត ដើម្បីគោរពភាសា និងវប្បធម៌ខ្មែរ។

ការលើកឡើងរបស់ជនជាតិបារាំង-អាមេរិករូបនេះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ក្នុងបទសម្ភាសជាមួយ Fres News បន្ទាប់ពីមានមតិខ្លះថា អ្នកចេះភាសាខ្មែរផង និងអង់គ្លេសផង នាំឲ្យខួរក្បាលធ្វើការអត់ទាន់ ទើបនិយាយលាយគ្នាបែបនេះ។

លោកបូជាចារ្យ គង់ វៀល បានលើកឡើងថា លោកកំពុងតែរៀនភាសាខ្មែរ និងព្យាយាមនិយាយឱ្យបានល្អប្រសើរ។ លោកស្រឡាញ់ភាសាខ្មែរ និងយល់ពីតម្លៃ និងសម្រស់របស់វា ទើបលោកនៅតែតស៊ូរៀនថែមទៀត។

«មានអ្នកខ្លះនិយាយថា ខួរក្បាលធ្វើការមិនទាន់ ទើបនិយាយខ្មែរលាយអង់គ្លេស។ ខ្ញុំយល់ថា វាអាចជាមូលហេតុមួយ ប៉ុន្តែមិនមែនតែងតែដូច្នេះទេ»។ នេះបើតាមលោកបូជាចារ្យ គង់ វៀល ម្ចាស់ស្នាដៃសៀវភៅខេមរភាសាឈ្មោះថា «ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ»។

ថ្មីៗនេះ នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការនិយាយមួយឃ្លា មានលាយភាសាខ្មែរពាក់កណ្តាល និងបរទេសពាក់កណ្តាល មហាជនបានប្រតិកម្មយ៉ាងខ្លាំង។

នៅតាមវេទិកាសាធារណៈ គេកម្រឃើញលោកបូជាចារ្យ គង់ វៀល ដែលជាជនបរទេសមួយរូប អ្នកចេះភាសាខ្មែរផងនោះ និយាយភាសាលាយគ្នាណាស់ ពោលគឺលោកនិយាយតែមួយពាក្យៗ និងជាពាក្យណា ដែលខ្មែរប្រើជាទម្លាប់តែប៉ុណ្ណោះ។ លោកក៏មិនប្រឆាំងដែរ ចំពោះអ្នកនិយាយភាសាខ្មែរ និងលាយភាសាបរទេស ត្រឹមតែមួយពាក្យៗនោះ។

លោកបានបញ្ជាក់ថា ខ្ញុំខ្លួនឯង ពេលខ្លះត្រូវលាយពាក្យអង់គ្លេសចូលក្នុងការនិយាយខ្មែរ ព្រោះមានហេតុផលមួយចំនួន។ ខ្ញុំឃើញថា មានពាក្យខ្លះដែលគេ (សូម្បីតែខ្មែរដើមកំណើត) តែងតែប្រើអង់គ្លេសភ្លាមៗ ឬលាយចូលដោយធម្មតា រួមមាន៖

*ពាក្យបច្ចេកវិទ្យា៖ Computer, Internet, WiFi, Email, App, Zoom, Facebook, Instagram, Like, Comment, Share, Post (ខ្ញុំព្យាយាមនិយាយថា “កុំព្យូទ័រ” ឬ “អ៉ីនធឺណិត” ប៉ុន្តែពេលខ្លះ “WiFi វាយឺតណាស់” ស្តាប់ទៅស្រួលជាង)។

*ពាក្យការងារ៖ Meeting, Project, Team, Boss, Manager, Deadline, Report (នៅកន្លែងធ្វើការ គេនិយាយ “មាន meeting នៅម៉ោងប៉ុន្មាន?” ជាញឹកញាប់ណាស់)។

*ពាក្យប្រចាំថ្ងៃសម័យថ្មី៖ OK, Cool, Nice, Fine, Bank, Card, Transfer, Money, Cashless (ខ្ញុំតែងតែនិយាយ “OK” ឬ “cool” ព្រោះវាលឿន និងគ្រប់គ្នាយល់)។

ទោះជាយ៉ាងណា លោកបូជាចារ្យ គង់ វៀល ព្យាយាមឱ្យអស់ពីចិត្ត ដើម្បីនិយាយខ្មែរសុទ្ធ ឧទាហរណ៍ «ខ្ញុំកំពុងប្រើកុំព្យូទ័រ» ឬ «ខ្ញុំនឹងហៅអ្នកតាមទូរស័ព្ទ»។ ប៉ុន្តែពេលខ្លះ ដើម្បីឱ្យគេយល់ច្បាស់ និងនិយាយឱ្យស្រួល លោកក៏ត្រូវលាយពាក្យអង់គ្លេសដូចគេដែរ។ វាមិនមែនតែងតែជាការគិតមិនទាន់នោះទេ ប៉ុន្តែជាទម្លាប់សង្គម និងភាពងាយស្រួលនៃពាក្យថ្មីៗ។

លោកបានបន្តថា «ខ្ញុំនៅតែជឿជាក់ថា ការព្យាយាមនិយាយខ្មែរឱ្យបានច្រើន គឺជាវិធីល្អបំផុតដើម្បីគោរពភាសា និងវប្បធម៌ខ្មែរ។ ភាសាខ្មែរមានសម្រស់ខ្លួនឯង ដែលខ្ញុំកំពុងតែស្រឡាញ់ និងរៀនសូត្រ។ ទោះខ្ញុំត្រូវលាយពាក្យអង់គ្លេសពេលខ្លះក៏ដោយ ខ្ញុំនៅតែបន្តខិតខំរៀន និងកែលម្អខ្លួនឯង។ បើខ្ញុំនិយាយខុស ឬលាយច្រើនពេក សូមបងៗជួយកែឱ្យខ្ញុំផង។ ខ្ញុំត្រៀមរៀនសូត្រពីអ្នកទាំងអស់គ្នា។ អរគុណច្រើន!»

សូមជម្រាបថា ភាសា គឺជាធាតុមួយនៃវប្បធម៌ ដែលជាមែកធាងនៃអរិយធម៌។ នៅពេលឃើញមានវិដេអូមួយចែកចាយតៗគ្នា បង្ហាញការនិយាយក្នុងមួយឃ្លា មានខ្មែរមួយកំណាត់ និងអង់គ្លេសមួយកំណាត់ លោកស្រីបណ្ឌិត ព្រុំ ទេវី សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ បានប្រតិកម្មយ៉ាងខ្លាំង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកស្រី បណ្ឌិត ព្រុំ ទេវី បានស្នើកូនខ្មែរ មេត្តារៀនភាសាខ្មែរចេះឲ្យច្បាស់លាស់ និងលើកតម្លៃភាសាខ្មែរផងដែរ។ ជាគ្រូបង្រៀនម្នាក់ផងនោះ លោកស្រីតែងតែខិតខំប្រើប្រាស់ភាសាខ្មែរជានិច្ច នៅម៉ោងបង្រៀន ព្រោះអត់លំបាកអ្វីទេ បើខិតខំរៀនភាសាជាតិឲ្យចេះនោះ។

បើតាមសមាជិក្រុមប្រឹក្សាជាតិភាសាខ្មែរ កម្ពុជាយើងក៏មានត្រាប់សូរភាសាបរទេសយកមកប្រើដែរ នៅពេលភាសានោះពិបាកបកប្រែពេក។ ម្យ៉ាងទៀត កម្ពុជាក៏ខ្ចីភាសាបរទេស សំស្ក្រឹត និងបាលី មួយម៉ាត់ៗ មកប្រើដែរ ប៉ុន្តែមិនមែនឲ្យខ្មែរយើងនិយាយមួយឃ្លាមានខ្មែរមួយកំណាត់ និងបរទេសមួយកំណាត់នោះទេ។

«សូមកុំនិយាយខ្មែរផង បរទេសផងច្រើនពេក វាមិនឡូយទេ តែបង្ហាញថា យើងមិនចេះភាសាខ្មែរ»។ នេះបើតាមលោកស្រីបណ្ឌិត ព្រុំ ទេវី ដែលបានបញ្ចប់ការសិក្សាពីប្រទេសអាល្លឺម៉ង់ តែស្រលាញ់ភាសាជាតិ និងខិតខំថែរក្សាអក្សរជាតិ។

មានមតិនៅលើបណ្តាញសង្គមក៏បានប្រតិកម្មចំពោះការនិយាយក្នុងមួយឃ្លា មានខ្មែរមួយកំណាត់ និងអង់គ្លេសមួយកំណាត់ផងដែរ។ ពួកគាត់ បានទទួលស្គាល់ថា ពេលខ្លះនិយាយលាយអងគ្លេស់ដែរ តែនិយាយតែពាក្យណា ដែលរកនឹកជាភាសារខ្មែរអត់ឃើញ និងទម្លាប់ដែលខ្មែរខ្ចីភាសាគេមកប្រើ។

«ហួចកូនហ្នឹងស្តាយអី? និយាយអីចឹងឲ្យជនជាតិណាស្តាប់? គេថាឡូយ ឬពេលនិយាយបែបនឹង? ឬក៏អត់ចេះនិយាយខ្មែរពេញលេញ? ឬជោរពេក និយាយភាសារខ្មែរទៅវាមិនសមនឹងសម្ថភាពខ្លួន? និយាយមែន មួយជីវិតខ្ញុំស្គាល់អ្នកចេះអងគ្លេសច្រើនណាស់ កូនខ្មែរអាគាំងក៏ច្រើន តែអត់ដែលលឺនរណានិយាយបែបនេះបានឆ្ងល់»។ នេះបើតាមការបង្ហោះសាររបស់ហ្វេសប៊ុក Sweetie Berry។

សូមជម្រាបថា នេះមិនមែនជាលើកទី១ នោះទេ ដែលមានការចែកចាយការនិយាយ ក្នុងមួយឃ្លា មានខ្មែរមួយកំណាត់ និងអងគ្លេសមួយកំណាត់។ នៅលើបណ្តាញសង្គម ក៏មានការស្នើឲ្យអ្នកនិយាយបែបនេះរៀនពីកំហុសខ្លួន ដើម្បីលើកតម្លៃភាសាជាតិ។

កន្លងមក អ្នកឧកញ៉ា គួច ម៉េងលី អ្នកជំនាញក្នុងវិស័យអប់រំមួយរូបរបស់កម្ពុជា បានលើកឡើងថា កូនខ្មែរចេះខ្មែរមិនច្បាស់ដោយសារកំហុសឪពុកម្តាយ ដែលឲ្យកូនរៀនភាសាបរទេស មុនរៀនភាសាខ្មែរ។ លោកបានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ចំពោះឪពុកម្តាយ និងអាណាព្យាបាលសិស្សមួយចំនួន ដែលបានបញ្ជូនកូនតូចៗ ទៅរៀនភាសាបរទេសដំណាលគ្នា ឬមុននឹងចាប់ផ្តើមរៀនជាភាសាខ្មែរ ដែលជាភាសាជាតិរបស់ខ្លួន។

លោក គួច ម៉េងលី បានមើលឃើញថា ការយកភាសាទី២ ជាភាសាគោល ហើយមិនឲ្យតម្លៃភាសាខ្មែរខ្លួនឯងបែបនេះ វាគឺជាចំណុចមួយខ្វះខាត ហើយអន់បំផុត ហើយវាគឺជាសកម្មភាពមួយ នៃការបង្ហាញភាពមិនឲ្យតម្លៃពូជសាសន៍ មិនឲ្យតម្លៃភាសា និងមិនឲ្យតម្លៃប្រទេសជាតិខ្លួនឯង។

ទន្ទឹមនឹងសម្តែងការព្រួយបារម្ភ អ្នកជំនាញរូបនេះ ក៏បានរិះគន់ខ្លាំងៗផងដែរ ដល់គំនិតកូនខ្មែរមួយចំនួន ដែលគិតតែខិតខំរៀនភាសាបរទេសយ៉ាងច្រើនភាសាខ្មែរ ស្របពេលខ្លួនគេផ្ទាល់ សរសេរអក្សរខ្មែរមិនត្រឹមត្រូវទាល់តែសោះ។

លោក គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូចនៅលើពិភពលោកអញ្ចឹង គេមានភាសាទី២ ដែលឲ្យយើងជ្រើសរើស។ យើងអាចយកភាសាទី២ ជាភាសាអង់គ្លេស ភាសាចិន ភាសាបារាំង ភាសាកូរ៉េ។ បើយើងរៀនចំណេះដឹងទូទៅ ជាភាសាដើមរបស់យើង ហើយយើងទៅរៀនភាសាទី២ គឺអត់ខាតបង់អីទេ គឺចេះច្បាស់លាស់ ហើយចេះលឿនទៀត ហើយចេះក្បោះក្បាយទៀត។ ប៉ុន្តែបើយើងចាប់ចូលរៀនដំបូង យើងយកភាសាទី២ជាគោល ហើយមិនឲ្យតម្លៃភាសាខ្មែរខ្លួនឯង នេះជាចំណុចមួយខ្វះខាត ហើយអន់បំផុត ដែលយើងមិនឲ្យតម្លៃពូជសាសន៍ មិនឲ្យតម្លៃភាសា មិនឲ្យតម្លៃប្រទេសជាតិខ្លួនឯង។ នេះជាគំនិតគិតខុសឆ្គងបំផុត ដែលលោកឪពុកអ្នកម្តាយ គិតអត់ដល់»

លោកបានក្រៀនរំលឹកទៀតថា ឪពុកម្តាយភាគច្រើនគាត់យល់ច្រឡំ ឲ្យតែរៀនសាលាឯកជន ឬសាលាអន្តរជាតិ គឺឲ្យកូនគាត់រៀនភាសាអង់គ្លេសមុន។ នេះគឺជាការគិតខុសធំបំផុត ពីព្រោះការរៀនភាសា ការរៀនចំណេះទូទៅ គឺសំខាន់ណាស់ ដែលរៀនជាភាសាខ្មែរ ហើយការរៀនសាលាឯកជន បើយកកូនទៅដាក់ឲ្យរៀន នៅតាមសាលាអន្តរជាតិវិញនោះ គឺកូនគេនឹងចេះភាសាអង់គ្លេសមុនហើយ ពីព្រោះគេផ្តោតទៅលើភាសាអង់គ្លេស។ ទោះបីជាយ៉ាងណា ប្រទេសកម្ពុជាអត់ត្រូវការអ្នកចេះអង់គ្លេសមុនទេ គឺត្រូវការធនធានមនុស្ស ដែលចេះភាសាខ្មែរ និងចំណេះទូទៅខ្មែរ។

លោកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់បន្តថា «ហេតុដូច្នេះហើយខ្ញុំសំណូមពរ និងអំពាវនាវថា សូមកុំឲ្យយល់ច្រឡំ។ មិនមែនខ្ញុំមិនឲ្យរៀនភាសាអង់គ្លេសទេ ខ្ញុំគ្រាន់តែអំពាវនាវថា ឲ្យកូនខ្មែរយើងចេះភាសាខ្មែរឲ្យក្បោះក្បាយ ឲ្យច្បាស់លាស់ ឲ្យចេះអានចេះសរសេរ ហើយពេលហ្នឹងកូនអាយុត្រឹម៣ ទៅ៤ឆ្នាំ រៀនថ្នាក់ទី៣ ឬទី៤ យើងអាចឲ្យក្មេងទៅរៀនភាសាទី២ គេហៅសាលាទី២ ដែលអង់គ្លេសគេហៅថា ESL (English as a Second Language) ឬ FSL (French as a Second Language)។ នេះក្បួនគេរៀន នៅស្រុកណាក៏ដូចស្រុកណាដែរ»

លោកក៏បានណែនាំផងដែរថា បុគ្គលគ្រប់រូបដែលនៅប្រទេសខ្មែរ មិនគួររៀនយកភាសាគេជាគោលមុនទេ។ ទង្វើបែបនេះ វានឹងក្លាយជារីកធំទៅៗ ធ្វើឲ្យប្រទេសនោះ គ្មានអ្នកចេះភាសាជាតិពិតប្រាកដ។ ប្រសិនបើបាត់បង់អក្សរសាស្ត្រហើយនោះ ជាតិសាសន៍ក៏អាចនឹងបាត់បង់ផងដែរ ដូចពាក្យស្លោកចែងថា អក្សរសាស្ត្រ គឺជាតំណាងនៃព្រលឹងជាតិ។

លោកបញ្ជាក់ថា «គេមិនអាចនៅប្រទេសខ្លួនឯង យកភាសាគេជាគោលទេ។ បំផ្លាញពូជសាសន៍ បំផ្លាញភាសា បំផ្លាញអនាគត បំផ្លាញកូនខ្មែរ បំផ្លាញប្រទេសខ្មែរ ដែលធ្វើឲ្យខ្មែរយើងគ្មានគ្រឹះ គ្មានវប្បធម៌ គ្មានភាសា គ្មានអរិយធម៌ គ្មានអនាគត»

លោកអះអាងថា ប្រទេសណាក៏ដូចប្រទេសណាដែរ បើចង់បង្ហាញការស្នេហាជាតិ បើចង់ឲ្យខ្មែរមានការលូតលាស់ ស្រឡាញ់សាសនាខ្លួនឯង ប្រទេសខ្លួនឯង និងជាតិខ្លួនឯង ត្រូវតែឲ្យកូនខ្មែរ រៀនភាសាខ្លួនឯងជាមុនសិន។ លោកថ្លែងថា លោកមិនមែនហាមមិនឲ្យកូនខ្មែររៀនភាសាគេទេ ក៏ប៉ុន្តែការរៀនបញ្ច្រាសទិសបែបនេះ ហាក់បីដូចជាសកម្មភាព មើលងាយភាសាខ្មែរខ្លួនឯងអញ្ចឹង ហើយថ្ងៃក្រោយកូនខ្មែរ នឹងអាចនិយាយបានថា ភាសាអង់គ្លេសក៏ចេះមិនច្បាស់ ភាសាខ្មែរក៏ចេះមិនច្បាស់ផងដែរ។

លោកឧកញ៉ា គួច ម៉េងលី បានបន្ថែមថា «ខ្ញុំសូមអំពាវនាវជាថ្មីថា មិនមែនមិនឲ្យរៀនភាសាគេទេ ក៏ប៉ុន្តែរៀនភាសាខ្មែរមុន ជាគ្រឹះព្រោះវាសំខាន់ចំពោះជាតិយើង ប្រទេសយើង លើកលែងតែអ្នកឯងមិនចង់នៅស្រុកខ្មែរ មិនស្រឡាញ់ស្រុកខ្មែរ មិនមែនគិតថាខ្មែរជាប្រទេខ្លួនឯង អញ្ចឹងអញ្ជើញរៀនភាសាអីក៏បានដែរបាទ។ ប៉ុន្តែនៅប្រទេសគេ បើលោកមិនរៀនភាសាហ្នឹង នៅប្រទេសហ្នឹង គឺលោកមិនមែនជាជនជាតិហ្នឹងទេ»

បើតាមអ្នកឧកញ៉ា គួច ម៉េងលី ការណ៍ដែលលោកឪពុកអ្នកម្តាយ ឬអាណាព្យាបាល បញ្ជូនកូនខ្លួនឲ្យទៅរៀនភាសាជាតិ មុននឹងរៀនភាសាបរទេស ធ្វើឲ្យកូនពួកគាត់មានផលប្រយោជន៍ ដល់ទៅ៥យ៉ាងឯណោះ។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា ផលប្រយោជន៍ទាំង៥ ដែលក្មេងទទួលបាន ក្នុងការរៀនភាសាជាតិ មុនរៀនភាសាបរទេសរួមមាន៖

១៖ ជួយឲ្យក្មេងវប្បធម៌ប្រពៃណីសង្គមជាតិខ្លួនឯង
២៖ ជួយឲ្យក្មេងរៀនភាសាទី២ ដែលជាភាសាបរទេសឆាប់ចេះ ឆាប់ចាំ និងឆាប់ជោគជ័យ
៣៖ ជួយឲ្យក្មេងមានសុជីវធម៌ មានទំនាក់ទំនងជាមួយគ្រួសារ (ក្មេងដក់ជាប់តែនឹងភាសាបរទេស ផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារ ព្រោះគ្រួសារគាត់ភាគច្រើនអត់ភាសាបរទេសដូចគាត់)
៤៖ ការរៀនភាសាចេះ មុនធ្វើឲ្យការរៀនភាសាទី២ មានភាពងាយស្រួល
៥៖ អាចប្រើប្រាស់បានទាំងពីរភាសា គឺភាសាដើម និងភាសាបរទេស៕