«សង្ក្រាន្តវត្តបាកាន» ឆ្នាំ២០២៦នេះ មហាជនប្រមាណជាង៣ម៉ឺននាក់ បានចូលរួមយ៉ាងកុះករ ក្នុងបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់

05-04-2026 20:38

(ពោធិ៍សាត់)៖ ព្រឹត្តិការណ៍ «សង្ក្រាន្តវត្តបាកាន» ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅពេញមួយថ្ងៃ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ ដោយទទួលបានការចាប់អារម្មណ៍ និងការចូលរួមពីបងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅប្រមាណជាង៣ម៉ឺននាក់។

ជោគជ័យនៃព្រឹត្តិការណ៍ដ៏ធំប្រចាំស្រុកបាកាននេះ គឺជាផ្លែផ្កានៃកិច្ចសហការយ៉ាងស្អិតរមួតរវាង ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំត្រពាំងជង ដឹកនាំដោយ លោក អ៉ឹង ឌីប៉ូឡា និងរដ្ឋបាលស្រុកបាកាន ដឹកនាំដោយ លោក ឆាយ គឹមម៉ុង ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន។

លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំត្រពាំងជង ស្រុកបាកាន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំង៣ម៉ឺននាក់ ដែលបានចូលរួមប្រកបដោយសេចក្តីថ្លៃថ្នូរ និងស្នាមញញឹម ដែលធ្វើឱ្យសង្ក្រាន្តវត្តបាកានឆ្នាំនេះ ក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏មានឥទ្ធិពល និងជាមោទនភាព សម្រាប់អ្នកស្រុកបាកាន ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូល។

លោកប្រធានក្រុមការងារ បានលើកឡើងថា ចំនួនអ្នកចូលរួមដ៏ច្រើនកុះករនេះ បានបង្ហាញឱ្យឃើញពីភាពស្រលាញ់ពេញចិត្តរបស់ប្រជាពលរដ្ឋ ចំពោះវប្បធម៌ជាតិ និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបង្កលក្ខណៈឱ្យមានសន្តិភាពពេញលេញ សម្រាប់ការសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦។

លោកបានគូសបញ្ជាក់ថា បើទោះបីមានអ្នកចូលរួមរាប់ម៉ឺននាក់ក៏ដោយ ប៉ុន្តែការរៀបចំ គឺផ្អែកលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាព និងសណ្តាប់ធ្នាប់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំដល់បណ្តាខេត្តដែលនៅជាប់ព្រំដែន កម្ពុជា-ថៃ មិនអនុញ្ញាតឱ្យរៀបចំសង្ក្រាន្ត មានលក្ខណៈអធិកអធមខ្លាំងក្លានោះទេ ប៉ុន្តែរដ្ឋបាលខេត្ត ក៏ដូចជាបណ្តាអារាមវត្ត តាមបណ្តាក្រុងស្រុក អាចបង្កលក្ខណៈសប្បាយសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបាន។

លោក អ៉ឹង ឌីប៉ូឡា បានបន្ថែមថា ចាប់តាំងពីការសម្តែងរបាំជូនពរ របាំត្រុដិ របាំគោះត្រឡោក របាំក្ងោកពោធិ៍សាត់ ល្បែងប្រជាប្រិយលាក់កន្សែង ចោលឈូង ដណ្តើមស្លឹកឈើ ឡើងសសរខ្លាញ់ បង្ហាញគុណល្បុកតោ និងការប្រកួតល្បែងប្រជាប្រិយជាច្រើនទៀតរបស់យុវជន ទាំង៩ឃុំ រហូតដល់ការរាំលេងកម្សាន្ត គឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។

លោកក៏សូមពាំនាំនូវសារដាស់តឿន និងការក្រើនរំលឹកយ៉ាងជ្រាលជ្រៅ ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជន ដែលជាសសរទ្រូងនៃប្រទេសជាតិ សូមបងប្អូនកុំភ្លេចខ្លួន ត្រូវប្តេជ្ញាចិត្តរក្សាសាមគ្គីភាព ចាប់ដៃគ្នាឱ្យជាប់ និងរួមគ្នាក្នុងគ្រាលំបាក ដើម្បីតស៊ូអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានដ៏មានតម្លៃ ក្នុងសង្គមជាតិ។ យើងត្រូវរួមគ្នាការពារបូរណភាពទឹកដី និងចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិយើង ឱ្យកាន់តែមានការរីកចម្រើនរុងរឿងថែមទៀត។

ចំពោះកម្មវិធីចាប់រង្វាន់អនុស្សាវរីយ៍រាប់រយរង្វាន់ ជាពិសេសរង្វាន់ធំៗដូចជា៖ ទូរទស្សន៍ ទូរស័ព្ទដៃ និងម៉ូតូ Honda Wave បានបង្កើននូវបរិយាកាសរំភើបរីករាយទ្វេដង ដែលរង្វាន់ធំម៉ូតូ Honda Wave គឺបានទៅលើយុវជនមកពីឃុំស្វាយដូនកែវ៕