លោក យូ សិរីវុឌ្ឍ បើកកិច្ចប្រជុំក្រុមចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត នៅវិមានជ័យជម្នះ ៧មករា

05-04-2026 20:41

(ភ្នំពេញ)៖ ក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានបើកការប្រជុំនៅវិមានជ័យជម្នះ ៧មករា ក្រោមអធិបតីភាព លោក យូ សិរីវុឌ្ឍបេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត។

នៅក្នុងកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានី-ខេត្ត លោក ឡី សុខុន អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានី-ខេត្ត លោក ផេង គឹមស្រ៊ុន អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានី-ខេត្ត លោកឧកញ៉ា ដួង ឆាយ សមាជិកក្រុមចលនាកសាងសមាជិកគណបក្សរាជធានី-ខេត្ត លោក គង់ លីវ៉ា លោក ហ៊ុន សុខា លោក អែម ប៊ុនធឿន លោក សោម ច័ន្ទថុក លោក ទី ប៊ុនថេង និងលោក លោកស្រីជាអធិបតី ព្រមទាំងប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមចលនាកសាងសមាជិកបក្សដែលអញ្ជើញមកពីតាមបណ្ដារាជធានី-ខេត្តសរុបចំនួន ៣១៥រូបផងដែរ។

ជាកិច្ចចាប់ផ្ដើម លោក ឡី សុខុន បានអានរបាយការណ៍ស្វាគមន៍ ជូនគណៈអធិបតី និងរបាយកាស្នូលរបស់ក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានី-ខេត្តដែលបានធ្វើសកម្មភាពកន្លងមក។

ជាកិច្ចបន្ទាប់ លោក ភឺន ផល្លា បានអញ្ជើញឡើងមានមតិសំណេះសំណាលចំពោះវត្តមានលោក លោកស្រី ដែលមានវត្តមាននៅថ្ងៃនេះ និងបានរំលឹកអំពីគោលការណ៍សំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជាដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៃការចែករំលែក យុទ្ធសាស្រ្តឈ្នះៗ គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ជាពិសេសសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភ្លឺស្វាងរបស់សម្ដេចតេជោ ហ៊ុន សែន ពិសេសការងាររៀបចំជំនួយក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត និងសូមអរគុណដល់ក្រុមការងារទាំងអស់ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សំដៅរួមចំណែកក្នុងការកសាង កម្លាំងក្រុមប្រឆាំង លើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សជារៀងដរាបតទៅ។

នៅក្នុងឱកាសនោះលោក យូ សិរីវុឌ្ឍ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរឬសាសនាអ្វីឡើយ។ លើសពីនេះទៅទៀត លោកប្រធាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា ពិសេសក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានី-ខេត្ត ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារចលនាកសាងសមាជិកយើងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។

មុននឹងបញ្ចប់ លោកបេសកជន បានអំពាវនាវឱ្យអនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ចាប់ផ្តើមបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន គៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។ ដើម្បីធានាឱ្យបានប្រៀបឈ្នះជាបន្តទៀត យើងទាំងអស់គ្នាជាសមាជិក សមាជិកាត្រូវបំផុសចលនា ដោយធ្វើសកម្មភាពគ្រប់រូបភាព និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយ និងសេចក្តីណែនាំរបស់គណបក្ស យកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគោរពជូន សម្តេចតេជោ ដើម្បីដឹកនាំប្រទេសរក្សាសុខសន្តិភាព អភិវឌ្ឍប្រទេស បង្កើនជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែសម្បូរសប្បាយរុងរឿងថ្កើងថ្កានជានិច្ចនិរន្តរ៍៕