កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាប Online Scam ឃាត់ខ្លួនជនបរទេស១២១នាក់ (Video inside)
06-04-2026 12:06
(ព្រះសីហនុ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ាង ស៊ីណេត បានចុះពិនិត្យ និងឈានដល់ការបង្ក្រាបបទល្មើស Online Scam នៅទីតាំងស្នាក់នៅប្រមូលផ្តុំ មួយកន្លែង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ជនបរទេស១២១នាក់ មាន៩សញ្ជាតិ។
របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា ជនបរទេសទាំង១២១នាក់នោះ រួមមាន៖ ជនជាតិចិន ៤២នាក់ (ស្រ្តី២នាក់ ), ស្រីលង្កា ៣៧នាក់ (ស្រ្តី៣នាក់), វៀតណាម ២២នាក់ (ស្រ្តី៣នាក់), ឥណ្ឌា ១២នាក់ (ស្រ្តី១នាក់) គេនយ៉ា១នាក់, ស្រ្តីហ្វីលីពីន១នាក់, នេប៉ាល៣នាក់ (ស្រ្តី១នាក់), បង់ក្លាសដេស ២នាក់ និងម៉ាឡេស៊ី១នាក់។
វត្ថុតាងដែលជាមធ្យោបាយបម្រើឱ្យការប្រព្រឹត្តបទល្មើសអនឡាញ រួមមាន៖ កុំព្យូទ័រចំនួន ១២៣គ្រឿង និងទូរសព្ទដៃចំនួន ១៣២គ្រឿង ត្រូវបានដកហូត។
ជាចំណាត់ការ, ជនជាតិចិនចំនួន៤២នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរស្វែងរកមេខ្លោង និងបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ខណៈដែលចំនួន៧៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជា។
សូមបញ្ជាក់ថា តាមរយៈការបង្ក្រាបទីតាំងថ្មីខាងលើ បានធ្វើឱ្យចំនួនទីតាំងដែលពាក់ព័ន្ធនឹងបទល្មើស Online Scam ដែលអាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបបានកើនឡើងរហូតដល់២៤ទីតាំង ក្នុងចំណោមទីតាំងសរុប ៣១កន្លែង ដែលត្រូវបានត្រួតពិនិត្យក្នុងយុទ្ធនាការនាបោសសម្អាតបទល្មើស Online sam នាពេលចុងក្រោយនេះ។
នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី ក្នុងការលុបបំបាត់រាល់សកម្មភាពបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕






