រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត
06-04-2026 12:26
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន និងលោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងជនបរទេសឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដោយផ្តោតលើចំណុចសំខាន់ៗនៃ ប្រកាសលេខ ១២៦៤៤ ប្រក រួមមាន៖
ទី១. ការចុះបញ្ជីកូនជនបរទេសកើតថ្មី៖ ផ្សព្វផ្សាយអំពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី ទៅក្នុងតារាងឧបសម្ព័ន្ធឱ្យបានត្រឹមត្រូវតាមច្បាប់។
ទី២. ការសុំប្រកាសទទួលស្គាល់ផ្លូវការ៖ ការណែនាំអំពីនីតិវិធីសម្រាប់កូនជនបរទេស ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធរបស់ឪពុក ឬម្តាយ ដើម្បីស្នើសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្តពេញលក្ខណៈ។
លោកឧត្តមសេនីយ៍ទោ សួន សុជាតិ បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗនៃប្រកាសលេខ ១២៦៤៤ របស់ក្រសួងមហាផ្ទៃ ដោយបានសង្កត់ធ្ងន់ថា ការស្នើសុំបញ្ចូលកូនជនបរទេសដែលកើតថ្មី ទៅក្នុងតារាងឧបសម្ព័ន្ធ ត្រូវតែធ្វើឡើងតាមលក្ខណៈបច្ចេកទេស និងមានឯកសារយោងច្បាស់លាស់ ដើម្បីចៀសវាងការភ័ន្តច្រឡំ ឬការបន្លំឯកសារ។ ចំពោះកូនជនបរទេសដែលមានអាយុគ្រប់ការ ហើយមានឈ្មោះក្នុងបញ្ជីឪពុកម្តាយ ត្រូវតែមកបំពេញបែបបទស្នើសុំការទទួលស្គាល់ជាផ្លូវការ ដើម្បីទទួលបានសិទ្ធិស្នាក់នៅ និងបំពេញកាតព្វកិច្ចស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ក៏បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ផ្តល់សេវាឱ្យបានលឿន និងត្រឹមត្រូវតាមនីតិវិធីដែលក្រសួងបានកំណត់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តឱ្យកាន់តែមានភាពហ្មត់ចត់។
ក្នុងឱកាសនោះ លោក ហេង សុភាណា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងអាជ្ញាធរដែនដី និងមន្ត្រីជំនាញអន្តោប្រវេសន្ត។ លោកបានបញ្ជាក់ថា ការគ្រប់គ្រងជនបរទេស គឺជាកិច្ចការដ៏សំខាន់ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងខេត្តពោធិ៍សាត់ទាំងមូល។ លោកបានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ក្តាប់ឱ្យជាប់នូវស្ថិតិ និងការរស់នៅរបស់ជនបរទេសក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តនីតិវិធីថ្មីនេះ។
ថ្នាក់ដឹកនាំទាំង២ បានផ្តល់នូវអនុសាសន៍ដល់អង្គប្រជុំទាំងមូល ត្រូវបន្តធ្វើការផ្សព្វផ្សាយខ្លឹមសារនៃប្រកាសនេះឱ្យបានទូលំទូលាយដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ និងត្រូវសហការគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរសម្រាប់ជាតិ និងសង្គម៕






























