ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ចុះពិនិត្យផ្ទាល់ដល់ទីតាំងរោងចក្រកែច្នៃកម្ទេចឈើធ្វើធ្យូងអនាម័យរបស់ជនជាតិចិន ដែលនៅតែជះផល​ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន

06-04-2026 12:57

(កំពង់ចាម)៖ រោងចក្រកែច្នៃកម្ទេចឈើធ្វើធ្យូងអនាម័យ ដែលម្ចាស់អាជីវកម្មជនជាតិចិន ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នៅតែជាកង្វល់មួយរបស់ប្រជាជនមូលដ្ឋាន ដោយសារការហុយធូលីមកលើផ្ទះសម្បែង របស់ពួកគាត់ជារៀងរាល់ថ្ងៃ ជាពិសេសប៉ះពាល់ដល់ផ្លូវដង្ហើមយ៉ាងខ្លាំង។

ចំពោះបញ្ហាដែលកើតឡើងជាប្រចាំមួយនេះ នាពេលកន្លងទៅអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាឲ្យមន្ទីរបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្តែង​​ ហើយដោះស្រាយជូនប្រជាពលរដ្ឋ ប៉ុន្តែការធ្វើកំណត់ហេតុ និងការណែនាំបានកើតឡើងមែន តែការអនុវត្តជាក់ស្តែងរបស់ម្ចាស់រោងចក្រ ដែលត្រូវកែប្រព័ន្ធបច្ចេកទេស ដើម្បីបង្ហុយធូលីនៅមានកម្រិត ហើយការជះផលប៉ះពាល់ហាក់នៅដដែល។

ជាមួយនឹងការលើកឡើងរបស់ប្រជាជនមូលដ្ឋាន បានកើតឡើងម្តងទៀតនៅចំពោះមុខប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំបុសខ្នុរ លោក ងួន វិទូ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ពេលដែលលោក និងក្រុមការងារចុះមូលដ្ឋាន បានទៅជួបសំណេះសំណាលជាមួយបងប្អូន ដើម្បីពង្រឹងការងារគណបក្ស និងដោះស្រាយបញ្ហាមួយចំនួន។

ក្រោយទទួលបានព័ត៌មាន​ និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋពីបញ្ហានេះរួចមក, លោក ងួន វិទូ និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅដោយផ្ទាល់នៅទីតាំងរោងចក្រកែច្នៃកម្ទេចឈើធ្វើធ្យូងអនាម័យ។

នៅចំពោះមុខម្ចាស់ទីតាំង ក្រុមការងារបានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យកែលម្អប្រព័ន្ធការពារធូលីជាបន្ទាន់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ លោក ងួន វិទូ បានចាត់ទុកថា នេះគឺជាការអនុវត្តតាមអភិក្រម «រៀនសូត្រពីប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ» និងធានាឱ្យបាននូវការអភិវឌ្ឍដោយចីរភាព និងសុខដុមរមនាក្នុងសហគមន៍។

តែយ៉ាងណាក៏ដោយ ពេលចុះពិនិត្យផ្ទាល់ ក្រុមការងារបានមើលឃើញថា ចង្វាក់ផលិតកម្ទេចឈើរបស់រោងចក្រ នៅតែបន្តជះផលប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្បែរខាងដោយសារធូលីបានហុយទៅលើផ្ទះ ពួកគាត់ ប៉ះពាល់សម្លៀកបំពាក់ និងជាពិសេសការដកដង្ហើមប្រចាំថ្ងៃ។

ក្រុមការងារបានឲ្យដឹងថា រោងចក្រហាក់មិនទាន់បានកែប្រព័ន្ធបច្ចេកទេសត្រឹមត្រូវនៅឡើយ ដែលត្រូវឲ្យក្រុមមន្រ្តីជំនាញបច្ចេកទេស ត្រូវមកពិនិត្យឡើងវិញ បើមិនដូច្នេះទេការរស់នៅរបស់បងប្អូនរាល់ថ្ងៃពិតជាលំបាក ហើយអ្វីដែលបារម្ភខ្លាំងនោះ បញ្ហាសុខភាពរបស់ពួកគាត់ទៅពេលខាងមុខ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យអាជីវកម្មកែច្នៃកម្ទេចឈើធ្វើជាធ្យូងអនាម័យមួយនេះ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលពលរដ្ឋបានប្តឹងថា ធូលីកម្ទេចឈើបានហុយប៉ះពាល់ដល់ពួកគាត់រាល់ថ្ងៃ ដែលការចុះពិនិត្យនេះ ក្រោមការណែនាំរប​ស់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដែលគាត់ទទួលបានសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតំបន់នោះ។

ក្រោយការពិនិត្យជាក់ស្តែង និងជួបដោះស្រាយគ្នារួចមក ក្រុមការងារសម្រេច៖

*ទី១៖ ឲ្យម្ចាស់អាជីវកម្ម ផ្អាកសកម្មភាពជាបណ្តោះអាសន្ន និងឲ្យធ្វើការកែប្រែចំណុចខ្វះខាតដែលធ្វើឲ្យធូលីហុយនៅពេលមានខ្យល់បក់ ទៅប៉ះពាល់ផ្ទះផ្ទះប្រជាពលរដ្ឋ។ ទុករយៈពេល១សប្តាហ៍ក្រុមការងារ នឹងចុះពិនិត្យម្តងទៀតតមុននឹងឲ្យដំណើរការវិញ
*ទី២៖ បញ្ឈប់សកម្មភាពប្រើប្រាស់ម៉ាស៊ីនដើរដោយកម្លាំងម៉ូទ័រកិនកម្ទេចឈើនៅពេលយប់ចាប់ពីម៉ោង ១៩រហូតដល់ម៉ោង ៧ព្រឹក ចៀសវាងការរំខាននៅពេលយប់៕