រដ្ឋមន្ត្រី ថោ ជេដ្ឋា បញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការ ជាមួយអង្គការសហប្រជាជាតិ លើវិស័យធនធានទឹក និងឧតុនិយម

06-04-2026 13:56

(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដឹកនាំគណៈប្រតិភូតំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការស្បៀងអាហារ និងកសិកម្ម( FAO) មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងស្វែងរកឱកាសសហការបន្ថែម។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូអង្គការសហប្រជាជាតិ និងបានអបអរសាទរលោកស្រី Vladanka Andreeva ដែលត្រូវបានតែងតាំង ជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះស្ថាប័ននានា ក្រោមឆត្រអង្គការសហប្រជាជាតិ ដែលតែងតែគាំទ្រយ៉ាងសកម្ម នូវគំនិតផ្តួចផ្តើម ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ការការពារសង្គម និងការពង្រឹងអាហារូបត្ថម្ភដែលធន់នឹងអាកាសធាតុក្នុងតំបន់ ជាពិសេសការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់ ចំពោះការអភិវឌ្ឍ និងការងារមនុស្សធម៌នៅប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានជម្រាបជូនគណៈប្រតិភូពីអាទិភាពសំខាន់ៗរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការធានាសន្តិសុខទឹក តាមរយៈការសាងសង់ការស្តារឡើងវិញ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រពេញលេញ ការពង្រឹងសេវាជលសាស្ត្រនិងឧតុនិយម ការអភិវឌ្ឍនិងការធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់និងគោលនយោបាយ ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងធនធានមនុស្ស និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍និងស្ថាប័ននានា។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយ អង្គការសហប្រជាតិលើវិស័យធនធានទឹក និងឧតុនិយម។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការរៀបចំផែនការ និងការអភិវឌ្ឍ ផែនទីបង្ហាញផ្លូវ សម្រាប់ការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា (EW4ALL roadmap) សម្រាប់ប្រទេសកម្ពុជា ព្រមទាំងបាននិងកំពុងអនុវត្ត គម្រោងប្រព័ន្ធធារាសាស្ត្រ បន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់ (CAISAR) ក្រោមហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)៕