ករណីបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តរត់ និងបុកសមត្ថកិច្ច២នាក់រងរបួស នៅស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចសម្រេចផ្ទុះអាវុធ៣គ្រាប់ ដើម្បីបញ្ឈប់រថយន្ដបង្ក និងឃាត់ខ្លួនអ្នកបើកបរ (Video inside)

06-04-2026 14:16

(កំពង់ចាម)៖ ករណីសមត្ថកិច្ចផ្ទុះអាវុធ៣គ្រាប់ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ គឺដើម្បីបញ្ឈប់រថយន្ដមួយគ្រឿង ដែលបុករថយន្ដពីរគ្រឿងផ្សេងទៀត ហើយព្យាយាមរត់គេចពីកន្លែងកើតហេតុ និងរត់គេចពីការដេញតាមឃាត់ពីកម្លាំងសមត្ថកិច្ចជំនាញ។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រថយន្តបង្កម៉ាក Toyota Alpard ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតី (បុករថយន្តចំនួន២គ្រឿងនៅលើដងផ្លូវ) នៅចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ ។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្ត តែរថយន្តមិនព្រមបញ្ឈប់សកម្មភាព រហូតដល់បុកនគរបាលបណ្ដាលឲ្យមានរបួសចំនួន២នាក់ និងបំបុករថយន្តរបស់សមត្ថកិច្ច ចំនួន១គ្រឿង និងម៉ូតូ៣គ្រឿងបន្ថែមទៀត ។

ដើម្បីការពារខ្លួន និងកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃផងនោះ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ បំបែកកង់ឡានតែម្ដង ដើម្បីឃាត់រថយន្តខាងលើ។ បច្ចុប្បន្នសមត្ថកិច្ច បាននាំជនសង្ស័យក្នុងរថយន្តចំនួន១នាក់ ឈ្មោះ ប៉ុល ពោធិចា អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរ មកសួរនាំបន្ត នៅអធិការដ្ឋាននគរបាលស្រុកចំការលើ៕