ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ ផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១,០៥០កន្លែង សម្រាប់ជំនាន់ទី២១ ក្នុងឆ្នាំសិក្សា២០២៦-២០២៧
06-04-2026 14:25
(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីប្រឡងអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១,០៥០កន្លែង សម្រាប់ជំនាន់ទី២១ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះធម្មលិខិត សៅរ៍ ចន្ទថុល្ល ព្រះអគ្គាធិការរង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
ពិធីនេះក៏មានការនិមន្ត-អញ្ជើញចូលរួមពី លោក នាក់ សំបូរ រដ្ឋលេខាធិការ តំណាង លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា, សម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រឹទ្ធបុរស, ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សា, គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យជាច្រើនរូបទៀត។
បើតាមថេរដីការបស់ព្រះភិក្ខុ ប៊ិត វុត្ថា ប្រធានដេប៉ាត់តឺម៉ង់ថ្នាក់មូលដ្ឋាន នៃពុទ្ធិកសកលវិទ្យាល័យសីហនុរាជ បានឱ្យដឹងថា ការប្រឡងគល់បញ្ជីជ្រើសរើសបេក្ខសមណនិស្សិត-និស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២១ ក្នុងឆ្នាំសិក្សា២០២៦-២០២៧នាឱកាសនេះ មានសមណនិស្សិត-និស្សិតចូលរួមប្រឡងតេស្តប្រមាណ ១,១៤៤អង្គ/នាក់។
ព្រះភិក្ខុ បានបញ្ជាក់ថា ចំពោះរាជធានីភ្នំពេញ មានសមណនិស្សិត-និស្សិត ប្រមាណ ៤២២អង្គ/នាក់, ខេត្តកំពង់ឆ្នាំង ២១៧អង្គ/នាក់ និងខេត្តបាត់ដំបង ៥០៥អង្គ/នាក់។ ដោយឡែកចំពោះអាហារូបករណ៍ដែលផ្ដល់ជូននៅឆ្នាំ២០២៦ នេះ មានចំនួន ១,០៥០កន្លែង។
សូមជម្រាបថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ មានឯកទេសចំនួន ៧រួមមាន៖ នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, បង្រៀនភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ, វិទ្យាសាស្ត្រកុំព្យូទ័រ,វិទ្យាសាស្ត្រអប់រំ, និងទស្សនវិជ្ជាព្រះពុទ្ធសាសនា។ រយៈពេល២០មកនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ ក្នុងនាមជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ បានកំពុងដំណើរការបណ្តុះបណ្តាលលើ ៣កម្រិត គឺថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត៕
























