ខេត្តកណ្ដាលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដោយប្រែក្លាយជាខ្សែក្រវាត់ឧស្សាហកម្ម និងភស្តុភារកម្ម ដើម្បីប្រែក្លាយភូមិសាស្ត្រខេត្តទៅជាច្រកទ្វារពាណិជ្ជកម្មអន្តរជាតិ

06-04-2026 14:43

(កណ្ដាល)៖ លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ក្នុងស្មារតីជំរុញការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់លោក គួច ចំរើន បាននឹងកំពុងដាក់ចេញផែនការមេយ៉ាងសកម្ម ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីប្រែក្លាយភូមិសាស្ត្រខេត្តឱ្យទៅជាច្រកទ្វារពាណិជ្ជកម្មអន្តរជាតិ និងជាប៉ូលសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពខ្ពស់លើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក។

លោក ឌឹម បូរ៉ា បានថ្លែងបែបនេះក្នុងជំនួបមួយស្ដីពី «ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ចរន្តសេដ្ឋកិច្ច» កាលពីពេលថ្មីៗកន្លងទៅនេះ។

លោកបានគូសបញ្ជាក់ពីរបៀបវារៈសំខាន់ៗចំនួន៤ ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍខេត្តដូចខាងក្រោម៖

ទី១៖ ទំនើបកម្មបណ្តាញផ្លូវថ្នល់ និងការតភ្ជាប់តំបន់ក្រវាត់ក្រុង ដែលបច្ចុប្បន្នខេត្តកណ្ដាល មានបណ្ដាញផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៧ខ្សែ ដោយមានប្រវែងជាង ៩២០ គីឡូម៉ែត្រ។ ក្នុងនោះរដ្ឋបាលខេត្តបានផ្ដោតសំខាន់លើការធ្វើទំនើបកម្មគុណភាពផ្លូវ ដោយបំប្លែងពីផ្លូវកៅស៊ូ DBST ទៅជាផ្លូវកៅស៊ូអាស្វាល់ (AC) និងបេតុង (RC) ដើម្បីទ្រទ្រង់ការដឹកជញ្ជូន ធុនធ្ងន់។ រហូតមកដល់ពេលនេះ ផ្លូវប្រភេទ AC សម្រេចបាន ២៨% និងផ្លូវបេតុងសម្រេចបាន ១៧% ហើយ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ និងការរៀបចំផែនការផ្លូវក្រវាត់ក្រុងទី៤ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការសម្រួលចរាចរណ៍វាងរាជធានីភ្នំពេញ និងកាត់បន្ថយចំណាយឡូជីស្ទីក សម្រាប់អាជីវករ និងវិនិយោគិន។

ទី២៖ គម្រោងមហិច្ឆតានៃ «ច្រកទ្វារយុទ្ធសាស្ត្រ» ទាំងបី ខេត្តកណ្ដាលកំពុងលេចត្រដែតឡើងតាមរយៈគម្រោងខ្នាតយក្សដែលតភ្ជាប់ កម្ពុជាទៅកាន់ ពិភពលោក​ ដូចជាផ្លូវទឹកគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលឆ្លងកាត់ខេត្តកណ្ដាលប្រវែង ៥៤គីឡូម៉ែត្រ កំពុងមានវឌ្ឍនភាពយ៉ាងល្អ ដោយសម្រេចបានការបោះបង្គោល ១០០% និងដោះស្រាយផល ប៉ះពាល់បានប្រមាណ ៨០%។ ផ្លូវអាកាសការអភិវឌ្ឍបណ្ដាញផ្លូវជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស (Air Cargo)។ ច្រកទ្វារព្រំដែន ការពង្រឹងហេដ្ឋារចនា សម្ព័ន្ធតភ្ជាប់ទៅកាន់ច្រកទ្វារអន្តរជាតិជ្រៃធំ ដើម្បីពង្រីកទំហំពាណិជ្ជកម្មឆ្លងដែន។

ទី៣៖ សរសៃឈាម សេដ្ឋកិច្ចរួមមាន៖ ស្ពាន និងផ្លូវល្បឿនលឿន ដើម្បីបង្កើនភាពប្រកួតប្រជែង ខេត្តបាននឹងកំពុងជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលសម្រេចបានជាង ៣៦% និងស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ) ដែលបានបញ្ចប់ការសិក្សាលម្អិតរួចរាល់។ បន្ថែមលើនេះ គម្រោងផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាកម្លាំងចលករថ្មី ក្នុងការកាត់បន្ថយពេលវេលាដឹកជញ្ជូនទៅកាន់ព្រំដែនអន្តរជាតិ។

និងទី៤៖ ចីរភាព និងបរិស្ថានទីក្រុង រដ្ឋបាលខេត្តមិនត្រឹមតែផ្ដោតលើការសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើការថែទាំ ដោយកំណត់គោលដៅឱ្យបាន ៨០% នៃបណ្ដាញផ្លូវសរុបត្រឹមឆ្នាំ២០២៦។ ទន្ទឹមនឹងនោះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូទឹកកខ្វក់ប្រវែងជាង ១២៥គីឡូម៉ែត្រក្នុងក្រុងតាខ្មៅ ក៏កំពុងដំណើរការដើម្បីធានាបាននូវទីក្រុងស្អាត និងការរស់នៅប្រកបដោយគុណភាព ស្របតាមការរីកចម្រើននៃតំបន់សេដ្ឋកិច្ច។

លោកអភិបាលរងខេត្តបន្ថែមថា៖ «ខេត្តកណ្តាលមិនត្រឹមតែជាខេត្តដែលព័ទ្ធជុំវិញរាជធានីភ្នំពេញនោះទេ ប៉ុន្តែវាជាច្រកទ្វារសេដ្ឋកិច្ចទំនើប សម្រាប់ការដឹកជញ្ជូន និងឧស្សាហកម្ម។ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យជាប៉ូលសេដ្ឋកិច្ចទំនើប ដែលអាចប្រកួតប្រជែងជាមួយតំបន់ជិតខាងបាន ខេត្តកណ្តាលបាននិងកំពុងត្រៀមខ្លួនលើចំណុចសម្របសម្រួលនីតិវិធីស្នើសុំគម្រោងរដ្ឋបាល ខេត្តបានធ្វើទំនើបកម្មសេវាសាធារណៈ ដើម្បីធានាថា វិនិយោគិនអាចចាប់ផ្តើមអាជីវកម្មបានយ៉ាងរហ័ស យន្តការច្រកចេញចូលតែមួយ កាត់បន្ថយពេលវេលាក្នុងនីតិវិធី ឯកសារស្នើសុំច្បាប់អនុញ្ញាតផ្សេងៗ»។

លោក ឌឹម បូរ៉ា បានបញ្ជាក់ថា តាមរយៈផែនការមេនេះ ខេត្តកណ្ដាលនឹងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សំខាន់បំផុតមួយរបស់កម្ពុជាដែលមិនត្រឹមតែបម្រើដល់ការតភ្ជាប់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែ គឺជាច្រកទ្វារសេដ្ឋកិច្ចដ៏មានសក្ដានុពលសម្រាប់តំបន់ទាំងមូល៕