រដ្ឋបាលខេត្តកណ្ដាល បើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែងជាង ៧គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ក្រោយសំណូមពររបស់ពលរដ្ឋនៅសង្កាត់បារុង ក្រុងអរិយក្សត្រ
06-04-2026 14:46
(កណ្ដាល)៖ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរមិនថារដូវប្រាំង ឬរដូវវស្សា និងជាតំរូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ប្រវែង ៧,៧៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូអមសងខាងផ្លូវ មុខកាត់ ០.៨ម៉ែត្រ ប្រវែង ២,៩០០ម៉ែត្រ ពីភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ទៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។
ពិធីនេះធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅ ក្រោមអធិបតីភាព លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោក ហៀង ស្រ៊ុន ប្រធានក្រុមការងារចុះមូលដ្ឋានជួយសង្កាត់បារុង ព្រមទាំងវត្តមានពីលោក ចាន់ តារា អភិបាលក្រុងអរិយកស្ត្រផងដែរ ។
លោក គួច ចំរើន បានថ្លែងថា តំបន់នេះបន្ទាប់ពីមានផ្លូវនឹងក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅទីនេះមានឱកាសច្រើនក្នុងការធ្វើការងារនៅទីនេះ នឹងធ្វើឱ្យសេដ្ឋកិច្ច ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់នេះ មានជីវភាពធូរធារ និងមានសេដ្ឋកិច្ចខ្ពស់។
លោកអភិបាលខេត្តកណ្ដាល បានសំណូមពរប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ នៅពេលដែលការដ្ឋានចាប់ផ្ដើមសាងសង់នឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដូច្នេះសូមបងប្អូនមានការយោគយល់អធ្យាស្រ័យ និងសម្របសម្រួលដល់ក្រុមការងារ ដើម្បីឱ្យក្រុមការងារមានភាពងាយស្រួលក្នុងការសាងសង់បានលឿន ទាន់ពេលវេលា។
លោក គួច ចំរើន ក៏ផ្ដាំឱ្យក្រុមហ៊ុនត្រូវខិតខំសាងសង់ផ្លូវប្រកបដោយគុណភាព ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស ឱ្យបានត្រឹមត្រូវ ទាំងគុណភាពបេតុង និងប្រព័ន្ធលូ តាមលក្ខណៈបច្ចេកទេស ដើម្បីធានាឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង ហើយឱ្យបានរួចរាល់តាមផែនការដែលបានកំណត់។ ជាមួយគ្នានេះដែរ សូមប្រជាពលរដ្ឋ ពេលផ្លូវសាងសង់រួចហើយ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរដោយការយោគយល់អធ្យាស្រ័យ ក្រុងប្រយ័ត្នខ្ពស់ ពិសេសកុំដឹកលើសទម្ងន់ត្រូវវជួយថែរក្សាផ្លូវនេះដើម្បីប្រើប្រាស់បានយូរអង្វែង៕




























