មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦
06-04-2026 14:50
(ពោធិ៍សាត់)៖ មន្ទីរសុខាភិបាល នៃរដ្ឋខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦។
សន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាលខេត្ត និងលោក Song Yonggun នាយកអង្គការកូហ្វី (KOFIH) ប្រចាំប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានជម្រាបជូនវឌ្ឍនភាពវិស័យសុខាភិបាល ដោយបច្ចុប្បន្នមានបុគ្គលិកចំនួន៨០៤នាក់ ក្នុងនោះវេជ្ជបណ្ឌិត៦៤នាក់ គ្រូពេទ្យមធ្យម៩នាក់ ឆ្មបមធ្យម ២៥៩នាក់ គិ.ធម្យម២៨២នាក់ ក្រៅពីនោះ ឆ្មបបឋម ទីពិសោធន៍ ឱសថការី និងមន្ត្រីជំនាញមួយចំនួនទៀត បាននឹងកំពុងបំពេញការងារតាមជំនាញដូចជា កម្មវិធីសុខភាព បន្តពូជ សុខភាពមាតា ទារក និងកុមារ ប្រយុទ្ធប្រឆាំងជំងឺឆ្លង ជំងឺគ្រុនចាញ់ ជំរបេង ជំងឺហង់សិន និងជំងឺដទៃទៀត ទទួលបានលទ្ធផលល្អប្រសើរ។
នៅឆ្នាំ២០២៦នេះ មណ្ឌលសុខភាពចំនួន២ គឺមណ្ឌលសុខភាពសំរោង និងបឹងបត់កណ្តោលត្រូវបានជ្រើសរើស ដោយគណៈកម្មការវាយតម្លៃថ្នាក់ជាតិ ក្នុងចំណោម១០ទូទាំងប្រទេស ដើម្បីដាក់បញ្ចូលនៅក្នុងវគ្គផ្តាច់ព្រ័ត នៃការប្រឡងប្រណាំង។ ក្នុងរយៈពេល៥ឆ្នាំនេះ ក្រសួង និងមន្ទីរសុខាភិបាល បានខិតខំកៀងគរប្រភពថវិកា សម្ភារៈ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះគម្រោងរបស់អង្គការកូហ្វី បានកែសោភណ្ឌភាព ពង្រីកទំហំអគារ និងរួមទាំងសាងសង់ថ្មី ចំនួន៥៤ទីតាំងផងដែរ។
លោកស្រី ប៉ុក ណាឌី បានថ្លែងថា វិស័យសុខាភិបាល ពិតជាបានចូលរួមក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋចៀសផុតពីជំងឺផ្សេងៗ កាត់បន្ថយការចំណាយ និងរកបានប្រាក់ចំណូលក្នុងគ្រួសារ ធ្វើឱ្យជីវភាពកាន់តែប្រសើរ។ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងវិស័យនេះ សំដៅទៅរកការផ្តល់សេវាសុខាភិបាលជាសារវន្ត ដល់ជនងាយរងគ្រោះមានដូចជាស្ត្រី កុមារ ជនពិការ ចាស់ជរា ពលរដ្ឋក្រីក្ររស់នៅជនបទ។ នៅគ្រប់មូលដ្ឋានសុខាភិបាល បានអនុវត្តត្រឹមត្រូវ តាមដានត្រួតពិនិត្យនិងចុះអធិការកិច្ចជាប់ជាប្រចាំ។
លោកស្រីបានលើកឡើងថា ក្នុងអំឡុងពេលនៃសង្គ្រាមឈ្លានពានរបស់ទាហានសៀម ក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែងនោះ ទាំងថ្នាក់ដឹកនាំមន្ត្រីរាជការសុខាភិបាល និងក្រុមគ្រូពេទ្យ មានភាពក្លាហានតស៊ូ ប្រកបដោយការទទួលខុសត្រូវខ្ពស់ផ្នែកបច្ចេកទេសក្នុងការជូយសង្គ្រោះ ថែទាំ និងព្យាបាលវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដោយទឹកចិត្តមនុស្សធម៌ រីករាយ និងសណ្តានចិត្តប្រពៃ ក្នុងនាមជាកងទ័ពអាវសយ៉ាងពិតប្រាកដ។ នៅក្នុងឆ្នាំ២០១៩-២០២៣ និង២០២៤ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់រួមមាន៖ មន្ទីរពេទ្យបង្អែកបាកាន ចំណាត់ថ្នាក់លេខ១ មន្ទីរពេទ្យបង្អែកពោធិ៍សាត់ ទទួលបានចំណាត់ថ្នាក់លេខ៧ មណ្ឌលសុខភាពសំរោង ទទួលបានចំណាត់ថ្នាក់លេខ១ មណ្ឌលសុខភាពបឹងបត់កណ្តោល ទទួលបានចំណាត់ថ្នាក់លេខ៣ និងមន្ទីរពេទ្យបង្អែកចំនួន៣ទៀត ទទួលបានចំណាត់ថ្នាក់ជាអង្គភាពផ្តល់សេវាសាធារណៈគម្រូ គឺមន្ទីរពេទ្យបង្អែកបាកាន លេខ១ មន្ទីរពេទ្យបង្អែកខេត្ត លេខ៣ និងមន្ទីរពេទ្យបង្អែកក្រគរ លេខ៦។
លោកស្រីក៏បានផ្តល់នូវអនុសាសន៍ ដើម្បីបន្តពង្រឹងប្រសិទ្ធភាព និងគុណភាពការងារសម្រាប់អង្គភាព និងមូលដ្ឋានសុខាភិបាលទាំងអស់ ឱ្យកាន់តែល្អប្រសើរ៖
ទី១-ពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត លើប្រព័ន្ធបញ្ជូន ដើម្បីធានាការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
ទី២-ថ្នាក់ដឹកនាំ មន្រ្តីរាជការ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តការងារ ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ។
ទី៣-អង្គភាពសុខាភិបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បន្ថែមទៀត លើការងារចាក់វ៉ាក់សាំងមហារីកមាត់ស្បូន (HPV) ដល់ក្រុមកុមារីអាយុ៩ឆ្នាំ និងគោលដៅអាយុបន្ត។
ទី៤- បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តពង្រឹងការទប់ស្កាត់ជំងឺឆ្លង នៅតាមច្រកព្រំដែននានា។
ទី៥- បន្តពង្រឹងការគ្រប់គ្រងស្តុកសម្ភារបរិក្ខារពេទ្យ និងឱសថសារវន្ត ឱ្យបានហ្មត់ចត់ ដឹងពីចរន្តនៃការប្រើប្រាស់ សុពលភាព និងបែងចែកទៅតាមមូលដ្ឋានសុខាភិបាល ឱ្យសមស្រប។
និងទី៦-បន្តពង្រឹងការយកចិត្តទុកដាក់លើសេវាសុខាភិបាល និងបង្កើនការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕






























