បទសម្ភាសន៍៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី បញ្ជាក់ថា រុស្ស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា (Video inside)
06-04-2026 15:50
(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកអគ្គរដ្ឋរុស្ស៊ីប្រចាំនៅកម្ពុជា លោក Anatoly Borovik បានអញ្ជើញទទួលដោយផ្ទាល់ចំពោះនាវាចម្បាំងរុស្ស៊ី ព្រមទាំងមេបញ្ជា និងនាវិក ដែលបានចូលសំចតនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានផងដែរ។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រុស្ស៊ី រៀបចំការចូលចតនាវាយោធាប្រភេទនេះនៅកម្ពុជា ជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យការពារជាតិ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហការនៅក្នុងវិស័យផ្សេងៗទៀតរវាងរុស្ស៊ី និងកម្ពុជា។
លោកឯកអគ្គរដ្ឋទូតបន្តថា រុស្ស៊ី និងកម្ពុជា ជាមិត្ត និងដៃគូដ៏យូរអង្វែង។ ដូច្នេះ រុស្ស៊ី តែងតែចាត់ទុកកម្ពុជា ជាដៃគូដែលអាចទុកចិត្តបាននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រុស្ស៊ី កំពុងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា នៅក្នុងវិស័យជាច្រើនផ្សេងទៀត។
ខាងក្រោមនេះ គឺជាបទសម្ភាសន៍ទាំងស្រុងរវាងអ្នកសារព័ត៌មាន និងលោកឯកអគ្គរដ្ឋទូត៖
អ្នកសារព័ត៌មាន៖ លោកឯកអគ្គរដ្ឋទូត តើលទ្ធផលសំខាន់អ្វីដែលលោករំពឹងថា នឹងទទួលបាន បន្ទាប់ពីការចូលចតនាវារយៈពេល ៣ថ្ងៃនេះ?
លោកឯកអគ្គរដ្ឋទូតរុស្ស៊ី៖ លទ្ធផលសំខាន់ដែលខ្ញុំរំពឹងទុក គឺការពង្រឹងកិច្ចសហការ រវាងប្រទេសទាំងពីរ ក្នុងវិស័យការពារជាតិ និងបង្កើនភាពស្និទ្ធស្នាលរវាងយោធារុស្ស៊ី និងប្រជាជនកម្ពុជា។ គោលបំណងសំខាន់ គឺពង្រឹងកិច្ចសហប្រតិបត្តិការភាគីទាំងសង្ខាង។ ទន្ទឹមនឹងនេះ យើងក៏ចង់បង្ហាញពី សមត្ថភាពកម្រិតខ្ពស់នៃកម្លាំងទ័ពជើងទឹករបស់យើងផងដែរ ព្រោះនាវាយោធានេះ ត្រូវបានសាងសង់ក្នុងរយៈពេលខ្លីបំពាក់ដោយបច្ចេកវិទ្យាទំនើប។
អ្នកសារព័ត៌មាន៖ តើកម្ពុជា និងរុស្ស៊ីគួរតែបង្កើតការហ្វឹកហាត់ ឬសមយុទ្ធរួមគ្នា ដើម្បីពង្រឹងភាពសាមគ្គីដែរឬទេ?
លោកឯកអគ្គរដ្ឋទូត៖ ប្រហែលជានៅពេលអនាគត យើងអាចរៀបចំសមយុទ្ធរួមគ្នា ដើម្បីហ្វឹកហាត់រួមគ្នា។ ក៏ប៉ុន្តែការចូលចតនាវានេះ គ្រាន់តែជាការទស្សនកិច្ចក្រៅផ្លូវការរបស់នាវាយោធារបស់យើងប៉ុណ្ណោះ។ គោលបំណងទីពីរនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ពីភាគីរុស្ស៊ី យើងតែងតែត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា។
អ្នកសារព័ត៌មាន៖ តើលោកអាចពន្យល់ពីស្ថានភាពបច្ចុប្បន្ន នៃទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងភ្នំពេញ មានលក្ខណៈយ៉ាងដូចម្តេច?
លោកឯកអគ្គរដ្ឋទូត៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពជាមិត្តភាព និងស្និទ្ធស្នាលយ៉ាងខ្លាំង។ យើងតែងតែគាំទ្រគ្នាទៅវិញទៅមក ក្នុងស្ថានភាពផ្សេងៗ។
ដូចអ្នកបានដឹងស្រាប់ បន្ទាប់ពីការបញ្ចប់របបប្រល័យពូជសាសន៍ សហភាពសូវៀត និងបន្ទាប់មកជាសហព័ន្ធរុស្ស៊ី គឺជាប្រទេសដំបូងៗ ដែលបានមកជួយស្តារប្រទេសកម្ពុជាឡើងវិញ។ យើងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស។
ចាប់តាំងពីការរំដោះប្រទេសកម្ពុជា មកទល់នឹងបច្ចុប្បន្ន យើងបានបណ្តុះបណ្តាលប្រជាជនកម្ពុជាជាង ៨ពាន់នាក់ នៅសាកលវិទ្យាល័យ និងស្ថាប័ននានានៅប្រទេសរុស្ស៊ី។
យើងនៅតែបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឱ្យទៅសិក្សានៅប្រទេសរុស្ស៊ី។ ស្របពេលជាមួយគ្នានេះដែរ យើងក៏កំពុងពិចារណាអំពីការបង្កើនវិនិយោគនៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយយើងក៏ផ្តោតសំខាន់លើការផ្លាស់ប្តូរផ្នែកវប្បធម៌ផងដែរ។
ក្នុងពេលថ្មីៗនេះ យើងបានរៀបចំកម្មវិធី «ថ្ងៃវប្បធម៌រុស្ស៊ី នៅកម្ពុជា»។ យើងបានរៀបចំការប្រគុំតន្ត្រី របស់ក្រុមតន្ត្រីប្រពៃណីរុស្ស៊ី មកពីតំបន់មួយនៃសហព័ន្ធរុស្ស៊ី ហើយទស្សនិកជនកម្ពុជា បានរីករាយជាមួយការសម្តែងនេះយ៉ាងខ្លាំង។
បន្ទាប់ពីនេះ ក៏នឹងមាន «ថ្ងៃវប្បធម៌របស់កម្ពុជា នៅប្រទេសរុស្ស៊ី» ដូចគ្នាផងដែរ។ នេះជាប្រពៃណីមួយក្នុងការផ្លាស់ប្តូរកម្មវិធីវប្បធម៌រវាងប្រទេសទាំងពីរ៕






























































