សមាគមសហគ្រិនវ័យក្មេងកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការរៀបចំ «មហាសន្និបាតសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០២៦»

06-04-2026 16:01

(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តិនៅសណ្ឋាគារ ហៃយ៉ាត់ រីជេស៊ីភ្នំពេញ ដោយមានអ្នកចូលរួមពីគ្រប់ស្ថាប័នឯកជន រដ្ឋ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សមាជិក សមាជិការបស់សមាគមជាង ៣០០នាក់។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះបានរៀបចំឡើងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ដែលជាវេទិកានៃការបង្ហាញពីភាពខ្លាំង និងសមិទ្ធផលការងារជាប្រវត្តិសាស្ត្ររបស់សមាគម តាមរយៈការបូកសរុបលទ្ធផលការងាររយៈពេល ៣ឆ្នាំ និងការដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ សំដៅជំរុញសហគ្រិនភាព និងការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាឱ្យកាន់តែរឹងមាំ។ ជាពិសេសក្នុងមហាសន្និបាតជាតិឆ្នាំនេះ សមាគមបានរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី ដើម្បីបន្តនាវាសមាគម ឱ្យកាន់តែមានវឌ្ឍនភាព។ ជាលទ្ធផលឧកញ៉ា ស គីណាល់ ត្រូវបានជ្រើសតាំងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រាប់អាណត្តិទី៧។ ក្នុងនោះក៏មានការប្រកាសជូនសមាជិក-សមាជិកាអំពីរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល គណៈ កម្មការសមាគមផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះលោក ហ៊ុន ម៉ានី បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ឧកញ៉ា ប៉ិច បូឡែន និងអបអរសាទរចំពោះសមិទ្ធផល ដែលសមាគមសម្រេចកន្លងមកនេះ។ លោកក៏បានផ្តល់នូវអនុសាសន៍គន្លឹះៗ ដើម្បីតម្រង់ទិសដល់សហគ្រិនវ័យក្មេង ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០។

លោក ហ៊ុន ម៉ានី ក៏បានបន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនាពេលនេះ គឺជាការបង្ហាញពីភាពចាស់ទុំខាងស្ថាប័ន និងការអនុវត្តយន្តការប្រជាធិបតេយ្យយ៉ាងរឹងមាំរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសូមអបអរសាទរដល់ថ្នាក់ដឹកនាំអាណត្តិទី៧ ដែលទើបជាប់ឆ្នោត ហើយសង្ឃឹមយ៉ាងមុតមាំថាស្មារតីសាមគ្គីភាព និងការបន្តវេនប្រកបដោយថាមពលនេះ នឹងក្លាយជាកម្លាំងចលករកាន់តែខ្លាំងក្លា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងចីរភាព។

ជាមួយគ្នានេះឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបញ្ជាក់ថា នេះមិនត្រឹមតែជាវេទិកា សម្រាប់បូកសរុបសមិទ្ធផលដែលយើងសម្រេចប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកំណត់វាសនា និងទិសដៅយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញសហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ ទោះបីជាយើងមានការផ្លាស់ប្តូរអាណត្តិដឹកនាំតាមយន្តការប្រជាធិបតេយ្យ ប៉ុន្តែស្មារតីនៃការបម្រើសហគ្រិនកម្ពុជា និងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឱ្យកាន់តែប្រសើរ នៅតែជាបេសកកម្មចម្បងដែលយើងត្រូវបន្តសម្រេចឱ្យបាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅរកចក្ខុវិស័យសេដ្ឋកិច្ចជាតិឆ្នាំ ២០៣០ និង ២០៥០។

ក្នុង«មហាសន្និបាតសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០២៦» នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំ «ពិធីបិទវគ្គ និងប្រគល់ វិញ្ញាបនបត្រជូនសិក្ខាកាមក្នុងគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល» ដែលជាជោគជ័យថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងសមាគម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ពិធីនេះមិនត្រឹមតែជាការអបអរសាទរចំពោះសិក្ខាកាមទាំង ៤២២នាក់ បានទទួលការបណ្តុះបណ្តាល ក្នុងនោះមានស្រ្តីចំនួន ១៩២នាក់ ដែលអញ្ជើញមកពី ២៤៩សហគ្រាស ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃប្រសិទ្ធភាពនៃការប្រើប្រាស់កញ្ចប់ថវិកាពីមូលនិធិ (ស.អ) ក្នុងការប្រែក្លាយសហគ្រិន កម្ពុជាឱ្យទៅជាកម្លាំងចលករឌីជីថលដ៏មានសមត្ថភាព។ តាមរយៈការគាំទ្រដ៏សកម្មពីក្រសួង គម្រោងនេះបានផ្តល់នូវ ចំណេះដឹងយុទ្ធសាស្ត្រចំនួន ៦ សំខាន់ៗរួមមាន៖ ទី១៖ សហគ្រិនភាពនិងការអភិវឌ្ឍផែនការអាជីវកម្ម ទី២៖ ការប្រើប្រាស់ ឌីជីថលក្នុងអាជីវកម្ម ទី៣៖ ការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល ទី៤៖ ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សហគ្រាស ទី៥៖ ការប្រើប្រាស់ឌីជីថល ក្នុងការគ្រប់គ្រងបុគ្គលិក និងអាជីវកម្ម និងទី៦៖ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ជាមួយគ្នានេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងបន្តអភិវឌ្ឍន៍ "Entrepreneur Tech Center" នៅផ្សារទំនើបអូឡាំព្យា ដើម្បីគាំទ្រដល់សហគ្រិន ម្ចាស់អាជីវកម្ម លើការប្រើប្រាស់បច្ចេកវិទ្យា។ ក្នុងឱកាសដ៏វិសេសវិសាលនេះលោកបណ្ឌិត ជា វ៉ាន់ដេត បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគម និងបានបញ្ជាក់ជាថ្មី នូវឆន្ទៈរបស់ក្រសួងក្នុងការបន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល។

បន្ថែមពីលើនេះទៀត សមាគមសហគ្រិនវ័យក្មេង បានសហការជាមួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា ក្នុងការប្រកាសសម្ពោធជាផ្លូវការនូវ «កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលមានការចូលរួមពីសមាជិក សមាជិកា សហគ្រិន និងម្ចាស់អាជីវកម្មប្រមាណ ២៥០នាក់ ។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការរៀបចំកម្មវិធីប្រកបដោយសារៈសំខាន់នេះ ដើម្បីគាំទ្រដល់សហគ្រិន និងម្ចាស់អាជីវកម្ម តាមរយៈការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុពីអ្នកជំនាញដោយផ្ទាល់។

គិតមកដល់ពេលនេះកម្មវិធីបានគាំទ្រសហគ្រិន និងម្ចាស់អាជីវកម្មបានចំនួនជាង ៤០២៤រូប និងសម្របសម្រួលឥណទានសរុបបានរហូតដល់ជាង ៦ លានដុល្លារអាមេរិក ដើម្បីជួយជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។

ឆ្លៀតក្នុងឱកាសសន្និបាតប្រចាំឆ្នាំនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈពិធីចុះអនុស្សរណៈនៃភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ AirAsia ដើម្បីផ្ដល់នូវអត្ថប្រយោជន៍ និងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែប្រសើរ ជូនដល់សមាជិកសមាគមក្នុងការធ្វើដំណើរធុរកិច្ច និងការពង្រីក ទីផ្សារនៅក្នុងតំបន់អាស៊ាន៕