Fresh Exclusive: សង្គ្រាមប្រឆាំង Online Scam៖ ពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា ទៅជាបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចជាតិ
06-04-2026 16:17
(ភ្នំពេញ)៖ Online Scam មិនមែនជាការបោកប្រាស់តូចៗតាមទូរស័ព្ទទៀតទេ។ វាបានក្លាយជាបណ្តាញឧក្រិដ្ឋកម្មអង្គការធំៗ ដែលមានបណ្តាញលុយ បច្ចេកវិទ្យា និងបណ្តាញឆ្លងដែន។ នៅកម្ពុជា ក្នុងរយៈពេលកន្លងមក អាជ្ញាធរបានបង្ក្រាបរាប់រយករណី បិទទីតាំងជាច្រើន រឹបអូសទ្រព្យ និងបណ្តេញជនបរទេសរាប់ម៉ឺននាក់។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ...
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក្យ «Online Scam» បានក្លាយជាពាក្យដែលបង្ហាញពីការផ្លាស់ប្តូររបស់ឧក្រិដ្ឋកម្មពីពិភពពិត ទៅកាន់ពិភពឌីជីថល។ មុននេះ ឧក្រិដ្ឋកម្មធំៗរបស់ពិភពលោកត្រូវគេរាប់បញ្ចូលរួមមានតែគ្រឿងញៀន ការជួញដូរមនុស្ស និងអាវុធខុសច្បាប់ ប៉ុន្តែពេលនេះ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និង Online Scam កំពុងក្លាយជាឧក្រិដ្ឋកម្មដែលមានទំហំធំ និងគ្រោះថ្នាក់បំផុតមួយថែមទៀត ក្នុងពិភពលោក។ ក្នុងបរិបទនេះ កម្ពុជា ក៏បានចាប់ផ្តើមយុទ្ធនាការបង្ក្រាប Online Scam ទូទាំងប្រទេស ដែលបានក្លាយជាប្រតិបត្តិការធំមួយ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ។
* Online Scam៖ ឧក្រិដ្ឋកម្មសេដ្ឋកិច្ចធំមួយរបស់ពិភពលោក
តាមរបាយការណ៍អន្តរជាតិ ទឹកប្រាក់ដែលបាត់បង់ដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅឆ្នាំ២០២៥ មានទំហំប្រមាណ ៤៤២ពាន់លានដុល្លារ នៅទូទាំងពិភពលោក។ ចំនួននេះស្ទើរតែស្មើ ឬធំជាងប្រាក់ចំណូលពីឧក្រិដ្ឋកម្មជួញដូរមនុស្ស និងជិតស្មើឧក្រិដ្ឋកម្មគ្រឿងញៀន។ នេះបង្ហាញថា ពិភពលោកកំពុងធ្លាក់ចូលទៅក្នុងសម័យឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលជាឧក្រិដ្ឋកម្មមិនចាំបាច់មានកាំភ្លើង ឬគ្រឿងញៀនទៀតទេ ប៉ុន្តែអាចធ្វើបានតាមកុំព្យូទ័រ ទូរស័ព្ទ និងអ៊ីនធឺណេត។
ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម កើត រិទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថ្មីៗនេះថា បើប្រៀបធៀបទំហំទឹកប្រាក់ដែលបានពីឧក្រិដ្ឋកម្មធំៗនៅលើពិភពលោក គេរកឃើញថា ឧក្រិដ្ឋកម្មគ្រឿងញៀនមានទំហំប្រមាណពី ៣០០ ទៅ ៥០០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ខណៈអំពើជួញដូរមនុស្សមានប្រមាណ ៣៤០ ពាន់លានដុល្លារ និងឧក្រិដ្ឋកម្ម Online Scam មានទំហំប្រមាណ ៤៤២ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ Online Scam គឺជាឧក្រិដ្ឋកម្មគ្មានព្រំដែន មិនមានប្រទេស និងក៏មិនមានពេលវេលាដែរ។ ជនល្មើសអាចនៅប្រទេសមួយដើម្បីបោកជនរងគ្រោះនៅប្រទេសមួយផ្សេងទៀត និងផ្ទេរលុយទៅប្រទេសទីបី។ ដូច្នេះ Online Scam គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលពិបាកបំផុតក្នុងការបង្ក្រាប។
* ហេតុអ្វី Online Scam ក្លាយជាបញ្ហាធំសម្រាប់កម្ពុជា?
ការរីករាលដាលនៃ Online Scam បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វិស័យសន្តិសុខ សេដ្ឋកិច្ច ទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅថ្ងៃទី៣ ខែមេសា ជាមួយទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានថ្លែងបញ្ជាក់ថា Online Scam បានប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច ការវិនិយោគ រួមទាំងកេរ្តិ៍ឈ្មោះ និងមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «រឿងនេះវាប៉ះពាល់ធ្ងន់ណាស់។ ផ្តើមចេញពីបញ្ហានេះយើងឃើញថា វាខុសពីបញ្ហារឿងគ្រឿងញៀន ខុសពីបញ្ហារឿងជួញដូរមនុស្សដែលមានត្រឹមក្របខណ្ឌនៃកំរិតរឿងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: ប៉ុន្តែរឿងបញ្ហាស្កេមនេះ វារាលដាលចេញពីសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ: ទៅជារឿងសេដ្ឋកិច្ច ហើយប៉ះពាល់ដល់កិត្តិយស ប៉ះពាល់ទៅដល់កិត្តិនាម ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់កម្ពុជា។ អញ្ចឹងរឿងបញ្ហាស្កេមវាលែងជារឿងនៅត្រឹមសន្តិសុខ, វាជារឿងរបស់ប្រទេសជាតិ និងរបស់ប្រជាជាតិយើងទាំងមូលតែម្តងដែលយើងត្រូវរួមគ្នាដើម្បីធ្វើការប្រឆាំងស្កេមអនឡាញនេះនៅកម្ពុជា»។
ក្នុងសម័យសេដ្ឋកិច្ចសកល មុខមាត់ប្រទេស និងសុវត្ថិភាព គឺជាកត្តាសំខាន់សម្រាប់ទេសចរណ៍ និងការវិនិយោគ។ ប្រទេសដែលមានឈ្មោះអាក្រក់ ឬត្រូវបានភ្ជាប់ជាមួយឧក្រិដ្ឋកម្ម អាចធ្វើឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគមានការព្រួយបារម្ភ និងស្ទាក់ស្ទើរ។ និយាយដោយសង្ខេប Online Scam មិនមែនគ្រាន់តែជាបទល្មើសបច្ចេកវិទ្យាទេ ប៉ុន្តែវាជាបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះជាតិ ដែលប៉ះពាល់ដល់អនាគតការអភិវឌ្ឍន៍របស់ប្រទេសផងដែរ។
* Online Scam មិនមែនជាបទល្មើសតូចតាច ប៉ុន្តែជាបណ្តាញឧក្រិដ្ឋកម្មអង្គការ
ការស្រាវជ្រាវ និងបទពិសោធន៍នៃការបង្ក្រាប បានបង្ហាញថា Online Scam មិនមែនជាការបោកប្រាស់តាមទូរស័ព្ទតូចៗ ឬការបោកប្រាស់ដោយមនុស្សម្នាក់ឬពីរនាក់ទេ ប៉ុន្តែជាបណ្តាញឧក្រិដ្ឋកម្មដែលមានរចនាសម្ព័ន្ធ និងការរៀបចំដូចជាអង្គការប្រទាក់ក្រឡាគ្នាមួយ។
ជាទូទៅបណ្តាញ Online Scam មានផ្នែកជាច្រើនរួមមាន៖
១. មេក្រុម ឬអ្នកគ្រប់គ្រង
២. ក្រុមប្រចាំការដែលគេស្គាល់ថា Call Center ឬ Online Operators
៣. ក្រុមបច្ចេកវិទ្យា សម្រាប់បង្កើតគណនី ក្លែងវេបសាយ និងប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗ
៤. បណ្តាញលាងលុយ
៥. គណនីធនាគារក្លែងក្លាយ ដែលគេហៅថា Money Mule
៦. បណ្តាញដឹកជញ្ជូន និងផ្លាស់ទីពីទីតាំងមួយទៅទីតាំងមួយ
៧. ការប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយថែមទៀត
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានទទូចស្នើសុំដល់ប្រជាពលរដ្ឋ ត្រូវរក្សាអត្តសញ្ញាណប័ណ្ណ និងព័ត៌មានផ្ទាល់ខ្លួនឱ្យបានល្អ និងកុំចែករំលែកឯកសារទាំងនេះឱ្យបុគ្គលដែលមិនស្គាល់ប្រវត្តិច្បាស់លាស់ ព្រោះក្រុមឧក្រិដ្ឋអាចយកព័ត៌មានរបស់ប្រជាពលរដ្ឋស្លូតត្រង់ ទៅបើកគណនីធនាគារ ឬគណនីអនឡាញក្លែងក្លាយ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពឆបោក។ ប្រការនេះមានន័យថា Online Scam មិនមែនជាបទល្មើសរបស់មនុស្សម្នាក់ ឬក្រុមតូចៗទេ ប៉ុន្តែជាបណ្តាញឧក្រិដ្ឋកម្មអង្គការ (Organized Crime) ដែលមានការរៀបចំ និងបែងចែកតួនាទីច្បាស់លាស់ មិនខុសពីបណ្តាញឧក្រិដ្ឋកម្មគ្រឿងញៀន ឬការជួញដូរមនុស្សឡើយ។ ដូច្នេះការបង្ក្រាប Online Scam មិនមែនជាការចាប់មនុស្សមួយក្រុមតូចៗទេ ប៉ុន្តែជាការប្រយុទ្ធប្រឆាំងបណ្តាញឧក្រិដ្ឋកម្មអង្គការ ដែលមានបច្ចេកវិទ្យា មានបណ្តាញហិរញ្ញវត្ថុ និងមានបណ្តាញមនុស្សគាំទ្រច្រើនកម្រិត។
* ប្រតិបត្តិការបង្ក្រាប Online Scam នៅកម្ពុជា
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា កម្ពុជា បានបង្ក្រាប Online Scam ប្រមាណ ២៥០ករណីស្មើនឹង២៥០ទីតាំង ក្នុងនោះមានកាស៊ីណូចំនួន ៩២កន្លែងផងដែរ។ លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេលប្រតិបត្តិការកន្លងមកនេះ មនុស្សជាង ៨០០ នាក់ ត្រូវបានឃុំខ្លួន និងជិត ៧០០ នាក់ មានដីកាចាប់ខ្លួន។ ជនបរទេសពាក់ព័ន្ធនឹង Online Scam ត្រូវបានបណ្តេញចេញពីកម្ពុជាមានចំនួនជាង ១១,០០០ នាក់ ខណៈទីតាំងសង្ស័យជាង ១០,០០០ កន្លែង ត្រូវបានអាជ្ញាធរចុះត្រួតពិនិត្យទូទាំងប្រទេស។
តួលេខទាំងនេះបង្ហាញថា ការបង្ក្រាប Online Scam នៅកម្ពុជា មិនមែនជាប្រតិបត្តិការតូចតាច ឬធ្វើតាមករណីៗនោះទេ ប៉ុន្តែជាប្រតិបត្តិការថ្នាក់ជាតិ ដែលធ្វើឡើងទូទាំងប្រទេស។ ម្យ៉ាងទៀតការបង្ក្រាប Online Scam នៅកម្ពុជា មិនមែនគ្រាន់តែជាការចាប់ខ្លួនជនល្មើសមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធនាការបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលមានបណ្តាញទូទាំងប្រទេស និងមានទំនាក់ទំនងឆ្លងដែនផងដែរ។
* យុទ្ធសាស្ត្រ៖ មិនត្រឹមចាប់មនុស្ស ប៉ុន្តែកាត់បណ្តាញលុយ
ការបង្ក្រាប Online Scam មិនមែនមានគោលបំណងត្រឹមតែចាប់ខ្លួនជនល្មើសប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តវិធានការជាច្រើន ដើម្បីបំបែកបណ្តាញឧក្រិដ្ឋកម្មទាំងមូលរួមមាន៖
- ការរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធបទល្មើស
- ការបិទទីតាំងដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការ Scam
- ការបណ្តេញជនបរទេសពាក់ព័ន្ធ
- ការគ្រប់គ្រង និងត្រួតពិនិត្យអន្តោប្រវេសន៍
- និងការរៀបចំ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
វិធានការទាំងនេះបង្ហាញថា ការប្រយុទ្ធប្រឆាំង Online Scam មិនមែនជាការប្រយុទ្ធផ្នែកប៉ូលិសតែប៉ុណ្ណោះទេ ប៉ុន្តែជាការប្រយុទ្ធពហុវិស័យ ដែលរួមមាន ផ្នែកច្បាប់ ផ្នែកហិរញ្ញវត្ថុ ផ្នែកអន្តោប្រវេសន៍ និងផ្នែកសន្តិសុខជាតិនៅពេលតែមួយ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា នឹងបន្តបោសសម្អាតបទល្មើស Online Scam ហើយកម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់ធ្វើបទល្មើសឡើយ។ ក្នុងបរិបទនេះ យុទ្ធសាស្ត្ររបស់កម្ពុជា មិនមែនគ្រាន់តែ «ចាប់មនុស្ស» ប៉ុន្តែគឺ «បំបែកបណ្តាញ បិទទីតាំង និងកាត់បណ្តាញលុយ» ដែលជាចំណុចសំខាន់បំផុត ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអង្គការ។ បទពិសោធន៍អន្តរជាតិបានបង្ហាញថា បើចាប់មនុស្សតែមិនកាត់បណ្តាញលុយ ឧក្រិដ្ឋកម្មនឹងកើតឡើងវិញ។ ដូច្នេះការរឹបអូសទ្រព្យសម្បត្តិ និងការបំបែកបណ្តាញហិរញ្ញវត្ថុ គឺជាវិធីមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម Online Scam។
* ប្រៀបធៀបជាមួយពិភពលោក
ការបង្ក្រាប Online Scam មិនមែនមានតែកម្ពុជាទេ ប៉ុន្តែជាបញ្ហាសកល ដែលប្រទេសជាច្រើនកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំង។ ប្រទេសដូចជាសឹង្ហបុរី, ចិន, ថៃ, វៀតណាម, សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក សុទ្ធតែបានចាត់ទុកឧក្រិដ្ឋកម្មអ៊ីថឺណិត Cybercrime និង Online Scam ជាបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
ប្រទេសទាំងនេះ បានអនុវត្តយុទ្ធសាស្ត្រស្រដៀងគ្នា ក្នុងការប្រយុទ្ធប្រឆាំងស្គែមអនឡាញ Online Scam និងឧកិដ្ឋកម្មអ៊ិនថឺណិត Cybercrime រួមមាន៖
១. ចាប់ខ្លួនជនល្មើស
២. បិទ Call Center ឬទីតាំងប្រតិបត្តិការ Scam
៣. រឹបអូសទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិដែលទទួលបានពីបទល្មើស
៤. បង្កើត និងកែប្រែច្បាប់ Cybercrime
៥. សហការអន្តរជាតិ ជាមួយសមត្ថកិច្ចប៉ូលិស និងស្ថាប័នសន្តិសុខប្រទេសផ្សេងៗ
៦. តាមដានលុយ (Financial Tracking) និងបំបែកបណ្តាញលាងលុយ។
បទពិសោធន៍អន្តរជាតិបានបង្ហាញថា ការប្រយុទ្ធប្រឆាំង Online Scam មិនអាចធ្វើបានដោយការចាប់មនុស្សតែមួយវិធីទេ ប៉ុន្តែត្រូវតែ បំបែកបណ្តាញ បិទទីតាំង កាត់បណ្តាញហិរញ្ញវត្ថុ និងសហការអន្តរជាតិ នៅពេលតែមួយ។
ដូច្នេះ ការបង្ក្រាប Online Scam នៅកម្ពុជា មិនមែនជាការប្រយុទ្ធតែម្នាក់ឯងទេ ប៉ុន្តែជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំង Cybercrime នៅលើពិភពលោក ដែលប្រទេសជាច្រើនកំពុងអនុវត្តយុទ្ធសាស្ត្រស្រដៀងគ្នា។
* សង្គ្រាមប្រឆាំង Online Scam គឺជាសង្គ្រាមសន្តិសុខ និងសេដ្ឋកិច្ច
Online Scam មិនមែនជាបទល្មើសតូចតាច ឬជាការបោកប្រាស់ធម្មតាទេ ប៉ុន្តែជាបណ្តាញឧក្រិដ្ឋកម្មអង្គការ ដែលមានរចនាសម្ព័ន្ធ មានបណ្តាញហិរញ្ញវត្ថុ មានបច្ចេកវិទ្យា និងមានបណ្តាញឆ្លងដែន។ តួលេខទឹកប្រាក់ ដែលបាត់បង់ដោយសារឧក្រិដ្ឋកម្ម Online Scam នៅលើពិភពលោក មានទំហំរាប់រយពាន់លានដុល្លារ ក្នុងមួយឆ្នាំ បានបង្ហាញថា ឧក្រិដ្ឋកម្មបច្ចេកវិទ្យា កំពុងក្លាយជាឧក្រិដ្ឋកម្មធំបំផុតមួយនៅលើពិភពលោក មិនចាញ់ឧក្រិដ្ឋកម្មគ្រឿងញៀន ឬជួញដូរមនុស្សឡើយ។
សម្រាប់កម្ពុជា Online Scam មិនត្រឹមតែជាបញ្ហាច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហា សន្តិសុខជាតិ សេដ្ឋកិច្ច ទេសចរណ៍ ការវិនិយោគ និងមុខមាត់ប្រទេស នៅលើឆាកអន្តរជាតិ។ ការបង្ក្រាប Online Scam នៅកម្ពុជា ក្នុងរយៈពេលកន្លងមក ដែលមានការចាប់ខ្លួនជនល្មើស បិទទីតាំង រឹបអូសទ្រព្យ បណ្តេញជនបរទេស និងធ្វើច្បាប់ថ្មី បានបង្ហាញថា នេះមិនមែនជាប្រតិបត្តិការតូចទេ ប៉ុន្តែជាយុទ្ធនាការថ្នាក់ជាតិ ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់សម្រាប់ធ្វើបទល្មើសឡើយ។ សារនេះមានន័យថា ការបោសសម្អាត Online Scam មិនមែនជាការប្រតិបត្តិការរយៈពេលខ្លី ប៉ុន្តែជាគោលនយោបាយរយៈពេលវែង។ នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល ប្រទេសណាដែលមិនអាចគ្រប់គ្រងឧក្រិដ្ឋកម្មបច្ចេកវិទ្យា បានល្អ នឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងមុខមាត់ប្រទេស។ ដូច្នេះសង្គ្រាមប្រឆាំង Online Scam មិនមែនជាសង្គ្រាមរបស់ប៉ូលិសប៉ុណ្ណោះទេ ប៉ុន្តែជាសង្គ្រាមសន្តិសុខជាតិ សង្គ្រាមសេដ្ឋកិច្ច និងសង្គ្រាមដើម្បីការពារមុខមាត់ប្រទេស៕














