សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារអបអរសាទរ លោក ជិន ថាញ់មិន ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាថ្មី ជាប្រធានរដ្ឋសភាវៀតណាម

06-04-2026 16:37

(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋធានីហាណូយ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាថ្មីម្តងទៀត ជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីពេលថ្មីៗនេះ។

ក្នុងសារលិខិតអបអរសាទរ បានសរសេរថា «ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់លោកប្រធាន រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាពិសេស ការកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៤៥ របស់វៀតណាម ក្លាយជាប្រទេសមានចំណូលខ្ពស់។ អ្វីដែលសំខាន់ជាងនោះទៀត វៀតណាមត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងថា ជាមហាអំណាចកណ្តាលដែលកំពុងងើបឡើងដ៏គួរឱ្យ គោរពនៅក្នុងតំបន់មេគង្គ»

ជាថ្មីម្ដងទៀត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា ខ្ញុំត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកប្រធានរដ្ឋសភា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវ «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងនិរន្តរភាពយូរអង្វែង» របស់យើង ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តោតលើប្រជាជនជាស្នូល ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេស និងប្រជាជនយើងទាំងពីរ៕