លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ចេញលិខិតថ្លែងអំណរគុណ សម្តេចមហាមន្ត្រី គុយ សុផល ចំពោះសារលិខិតរំលែកមរណទុក្ខ មរណភាពបងស្រីបង្កើត

06-04-2026 16:50

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី តំណាងក្រុមគ្រួសារនៃសព បានចេញលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើត។

ក្នុងនាមក្រុមគ្រួសារសព នាងខ្ញុំ សូមគោរពសម្តែងនូវកតញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាមន្ត្រី គុយ សុផល ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ ដល់នាងខ្ញុំ និងក្រុម គ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើត របស់ លោកជំទាវបណ្ឌិត បានទទួលមរណភាពនៅថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ ទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។

សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាមន្ត្រី គុយ សុផល ជាសក្ខីភាពបញ្ជាក់នូវទឹកចិត្ត ស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះរូបនាងខ្ញុំ ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេច បាននូវសមានចិត្តដ៏ប្រពៃខ្ពង់ខ្ពស់ថ្លៃថ្លារបស់ សម្តេចមហាមន្ត្រី បានឡើយ។

យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយ ថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យចំពោះ សម្តេចមហាមន្ត្រី និងក្រុមគ្រួសារ សូមសមប្រកបដោយ ពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាមន្ត្រី គុយ សុផល មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្ដីភាពពីនាងខ្ញុំ៕