ឧកញ៉ា តែ តាំងប៉ ដឹកនាំក្រុមប្រឹក្សាភិបាល សម្ដែងការគួរសម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងគោរពរាយការណ៍ស្ថានភាពទូទៅរបស់សមាគម
06-04-2026 17:25
(ភ្នំពេញ)៖ ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានដឹកនាំ អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលជួបសម្ដែងការគួរសម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងគោរជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ក្នងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងគោរពរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា ពីស្ថានភាពទូទៅរបស់សមាគម FASMEC និង សមាគមមូលនិធិសម្ដេចតេជោ ដែលសម្រេចបានកន្លងមកជូនដល់សម្តេចប្រធានរដ្ឋសភាបានជ្រាប ។
ក្នុងជំនួបនេះដែរសម្តេចប្រធានរដ្ឋសភាបានលើកឡើងពីការរៀបចំទិវា SME ជាតិ និងកោតសរសើដល់ ឧកញ៉ា តែ តាំងប៉ ដែលបានខិតខំប្រឹងប្រែងចូលរួមជួយជំរុញដល់វិស័យ SME និង ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ដល់វិស័យឯកជន ដែលជួយធ្វើឲ្យម្ចាស់សហគ្រាសក្នុងស្រុកអាចផលិតនូវផលិតផល ដើម្បីជំនួសការនាំចូលពីក្រៅប្រទេស។ បន្ទាប់ពីប្រទេសកម្ពុជាមានវិវាទព្រំដែនជាមួយប្រទេសថៃសម្តេចប្រធានរដ្ឋសភា បានវាយតំលៃខ្ពស់ពីសារសំខាន់របស់វិស័យឯកជនដែលបានចូលរួមបង្កើតការងារ និងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សម្តេចប្រធានរដ្ឋសភាបានផ្តល់អនុសាសន៍ពីការប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងស្រុកលើប្រភេទផលិតផលដូចគ្នា ឬស្រដៀងគ្នា ដែលធ្វើឲ្យសហគ្រាសដែលមានទុនបង្វិលតិច ងាយរងហានិភ័យនិងការក្ស័យទុនជាងក្រុមហ៊ុនធំៗ និងផ្តល់អនុសាសន៍ដល់ FASMEC ឲ្យធ្វើការជាមួយប្រធានគណកម្មការជំនាញរបស់រដ្ឋសភាដោយផ្ទាល់ដើម្បីរកដំណោះស្រាយជូនដល់វិស័យឯកជនជាមួយក្រសួងពាក់ព័ន្ធនានា៕














