អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈការធ្វើចរាចរណ៍នឹងមានការកើនឡើង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ
06-04-2026 20:09
(ព្រះវិហារ)៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ តាមរយៈលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានចេញសេចក្តីអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
យោងសេចក្តីអំពាវនាវរបស់អនគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមធ្ងន់ធ្ងរ ដែលអាចកើតឡើងគ្រប់ពេលវេលា បណ្តាលឲ្យមានរបួស និងបាត់បង់ជីវិត ប្រសិនបើអ្នកប្រើប្រាស់ផ្លូវមិនមានការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍។
ជាពិសេស ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ចរាចរណ៍លើដងផ្លូវនឹងកើនឡើងខ្លាំង ដោយសារប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត និងកន្លែងកម្សាន្តនានា ដែលអាចបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដូចកន្លងមក។
ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានអំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវអនុវត្តវិធានការសំខាន់ៗរួមមាន៖
*មិនបើកបរលើសល្បឿនកំណត់ដាច់ខាត
*មិនត្រូវបើកបរពេលស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀនដាច់ខាត
*មិនប្រើទូរស័ព្ទ និងមិនជែង ឬបត់ក្នុងស្ថានភាពប្រថុយប្រថាន
*គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំ
*មិនបើកបរពេលងងុយដេក
*ពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច
*ត្រួតពិនិត្យយានយន្ត និងមិនផ្ទុកលើសកំណត់
*បើកបរដោយស្មារតីប្រុងប្រយ័ត្ន និងមានសីលធម៌។
លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ ក៏បានបង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋនឹងចូលរួមអនុវត្តតាមសេចក្តីអំពាវនាវនេះយ៉ាងសកម្ម ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមទាំងមូល។ ការគោរពច្បាប់ចរាចរណ៍ និងការប្រុងប្រយ័ត្ន គឺជាគន្លឹះសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងធានាឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយសប្បាយរីករានិងមានសុវត្ថិភាពទាំងអស់គ្នា៕












