ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីចុះ MoU រវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងធនាគារ ABA ដើម្បីដាក់ឲ្យប្រើប្រាស់កម្មវិធី «មូលនិធិហាជ្ជ» និងមុខងារ «សន្សំគ្មានការប្រាក់»
06-04-2026 20:52
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ លោកបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអាម៉ាណះតាកាហ្វុល អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់ រវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងធនាគារ ABA ស្តីពីការដាក់ឲ្យដំណើរការកម្មវិធី «មូលនិធិហាជ្ជ» និង «ការណែនាំមុខងារសន្សំគ្មានការប្រាក់» លើ ABA Mobile នៅសណ្ឋាគារ Novotel ភ្នំពេញ។
កិច្ចសហការនេះ គឺជាការបើកទំព័រថ្មីមួយសម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា តាមរយៈការដាក់ឲ្យដំណើរការនូវកម្មវិធីមូលនិធិហជ្ជ (Hajj Fund Program) ក្នុងការជួយឲ្យសាសនិកឥស្លាម អាចរៀបចំផែនការហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវកាតព្វកិច្ចសាសនាដ៏សំខាន់នេះ ហើយមុខងារសន្សំគ្មានការប្រាក់ (Interest-Free Mode) លើ ABA Mobile ដែលនេះគឺការឆ្លើយតប យ៉ាងច្បាស់លាស់ទៅនឹងតម្រូវការផ្នែកជំនឿសាសនា និងជាជម្រើសថ្មីសម្រាប់អតិថិជន ដែលចង់គ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងតម្លាភាព។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា ការចុះ MOU នាថ្ងៃនេះ គឺជាសក្ខីភាពនៃការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ដែលដើរទន្ទឹមគ្នានឹងការគិតគូរពីតម្រូវការជំនឿសាសនា និងការជំរុញបរិយាបន្នហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំធនាគារ ABA និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នាបង្កើតសមិទ្ធផលនេះឡើង ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ស្ថាប័នទាំងពីរ ជាពិសេសថ្នាក់ដឹកនាំឥស្លាមនៅតាមមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយព័ត៌មាននេះឲ្យបានជ្រាបដល់សហគមន៍ឥស្លាមនៅតាមបណ្តាខេត្ត-ក្រុង ដើម្បីឲ្យពួកគាត់បានយល់ដឹង និងទទួលបានអត្ថ ប្រយោជន៍ពីសេវាកម្មដ៏ល្អនេះ។
ចំណែក លោក អាសខាត អាស៊ីកាណូវ ប្រធាននាយកប្រតិបត្តិ នៃធនាគារ ABA បានលើកឡើងថា សេវាធនាគារ ABA មិនមែនផ្តោតតែលើបច្ចេកវិទ្យា និងប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើ អ្នកប្រើប្រាស់ផងដែរ ពោលគឺជា ការយល់ពីតម្លៃ ជំនឿ និងតម្រូវការរបស់សហគមន៍ដែលធនាគារបម្រើសេវាជូន និងដើម្បីធានាថា រាល់សេវាកម្មរបស់ ABA មានលក្ខណៈបរិយាបន្ន បង្ហាញនូវការគោរព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ លោកបន្ថែមថា «ភាពជាដៃគូរបស់យើងខ្ញុំជាមួយសមាគម CATA ឆ្លុះបញ្ចាំងយ៉ាងច្បាស់នៃ ការប្តេជ្ញាចិត្តនេះ»៕




