អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ៖ ប្រាសាទព្រះវិហារ រងការខូចខាតសរុបចំនួន៥៦២កន្លែង ដោយសារការវាយប្រហាររបស់យោធាថៃ

06-04-2026 20:58

(ភ្នំពេញ)៖ លោក ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានឡើកឡើងថា ប្រាសាទព្រះវិហារ ត្រូវបានរងការខូចខាតសរុបចំនួន៥៦២កន្លែង ដោយសារការវាយប្រហាររបស់យោធាថៃ។

ការលើកឡើងបែបនេះរបស់ លោក ផេង សំអឿន បានធ្វើឡើងនៅថ្ងៃទី០៦ខែមេសា ឆ្នាំ២០២៦ ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ៖ «ការខូចខាតប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក» ដែលស្ថិតនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ផេង សំអឿន បានបញ្ជាក់ថា ប្រាសាទត្រូវបានប៉ះពាល់ខ្លាំងលើផ្នែកជញ្ជាំង ដំបូលប្រាសាទ តួរប្រាសាទជាដើម ដោយមានផ្នែកមួយចំនួននៃប្រាសាទ ប្រឈមនឹងការដួលរលំ ដោយបច្ចុប្បន្នមន្រ្តីជំនាញកំពុងរៀបចំផែនការបឋមដើម្បីសង្រ្កោះជាបន្ទាន់។

គួរបញ្ជាក់ថា នេះជាសោកនាកម្មមួយ ដែលកម្ពុជាបានជួបប្រទះហើយកម្ពុជាក៏បានរាយការណ៍ទៅអង្គការយូណេស្កូ ហើយការខូចខាតលើកទី១ ខែកក្ដដា ក៏បានចងក្រងជាឯកសារនៃការខូចខាតចំនួន ១៤២កន្លែង និងបានផ្ញើទៅអង្គការយូណេស្កូរួចរាល់ហើយ អំពីការខូចខាតលើកទី១ និងការខូចខាតលើកទី២ យើងក៏បានផ្ញើទៅម្ដងទៀតអំពីការខូចខាតចំនួន៤២០កន្លែង ដោយឡែកផ្សេងទៀតក៏បានផ្ញើទៅឱ្យអង្គការយូណេស្កូផងដែរ៕