ប្រធានក្រុមការងារចុះមូលដ្ឋានឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងចែកសម្ភារៈជូនកម្លាំងប្រជាការពារ ចំនួន៤ភូមិ
06-04-2026 21:09
(ព្រះវិហារ)៖ លោក អ៊ូ សៅឌី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំឆែបពីរ រួមជាមួយក្រុមការងារ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារឧបត្ថម្ភមួយចំនួន ចែកជូនដោយផ្ទាល់ដល់កម្លាំងប្រជាការពារចំនួន ៤៨នាក់ មកពីភូមិទាំង៤ ក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោក អ៊ូ សៅឌី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក សំ លាងទ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប ខេត្តព្រះវិហារ ជាមួយនឹងការសម្តែងនូវកោតសរសើរ និងលើកទឹកចិត្តដល់កម្លាំងប្រជាការពារទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសកម្ម។
លោកថ្លែងទៀតថា ការចុះសួរសុខទុក្ខ និងផ្តល់សម្ភារនាពេលនេះ គឺជាការរួមចំណែកលើកទឹកចិត្ត ដើម្បីជំរុញឲ្យកម្លាំងប្រជាការពារ បន្តបំពេញតួនាទីរបស់ខ្លួនឲ្យកាន់តែប្រសើរ ពិសេសក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ គណៈបញ្ជការឯកភាពខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់លោក គីម រិទ្ធី អភិបាលខេត្ត ក៏ដូចជាគណៈបញ្ជាការឯកភាពស្រុកឆែបផងដែរ។
សម្ភារៈដែលបានផ្តល់ជូន រួមមាន សម្លៀកបំពាក់ មួក ខ្សែក្រវាត់ ស្បែកជើង និងឧបករណ៍ទំនាក់ទំនង (អាយកូម) ចំនួន ៤គ្រឿង ដើម្បីបម្រើការងារប្រចាំថ្ងៃរបស់កម្លាំងប្រជាការពារ។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមការងារចុះមូលដ្ឋានឃុំឆែបពីរ ក្នុងការគាំទ្រនិងលើកកម្ពស់សមត្ថភាពកម្លាំងមូលដ្ឋាន ដើម្បីធានាសុវត្ថិភាព និងសុខសាន្តជូនប្រជាពលរដ្ឋ ក៏ដូចជារួមគ្នា ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍក្នុងមូលដ្ឋាន ក្នុងការលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ភាគី ក្នុងការកសាងសង្គមឲ្យមានសុវត្ថិភាព និងរីកចម្រើន៕












