លោកបណ្ឌិត គុណ ញឹម និងអ្នកឧកញ៉ា គិត ម៉េង បេីកកិច្ចប្រជុំយន្ដការភាពជាដៃគូគយ-ផ្នែកឯកជន លេីកទី១០
07-04-2026 09:54
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ បានបេីកកិច្ចប្រជុំយន្ដការភាពជាដៃគូគយ-ផ្នែកឯកជន លេីកទី១០។ កិច្ចប្រជុំនេះ ធ្វេីឡេីងនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
កិច្ចប្រជុំនេះ ធ្វេីឡេីងក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាសហប្រធាននៃយន្ដការភាពដៃគូគយ-ផ្នែកឯកជន (CPPM) និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្ដការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ)។
កិច្ចប្រជុំនេះ មានការធ្វេីបទបង្ហាញស្ដីពី (១)៖ ការកែសម្រួលអត្រាពន្ធ និងអាករសម្រាប់ឆ្នាំ២០២៦, (២)៖ ការបន្ធូរបន្ថយបន្ទុកអាករលេីតម្លៃបន្ថែមលេីផលិតផលតេលសិលា, (៣)៖ សេចក្ដីព្រាងវិធានការបង្ការ និងបង្ក្រាបអំពេីរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់ (អគរ) សម្រាប់អនុវត្ដក្នុងឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះ ក៏មានការពិភាក្សាលេីសេចក្ដីព្រាងវិធានការបង្ការ និងបង្ក្រាបអំពេីរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងពិភាក្សាដោះស្រាយសំណេីរបញ្ហា ដែលលេីកឡេីងដោយផ្នែកឯកជនផងដែរ៕






















