អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយនិវត្តជនជិត ៦០០នាក់ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី និងបង្ហាញពីសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យ

07-04-2026 13:56

(ពោធិ៍សាត់)៖ ក្នុងស្មារតីដឹងគុណ និងយកចិត្តទុកដាក់ខ្ពស់ចំពោះនិវត្តជន ដែលជាអតីតមន្ត្រីរាជការ នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជននៃមន្ទីរអង្គភាពជុំវិញខេត្ត ចំនួន៥៩៨នាក់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ខូយ រីដា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះនិវត្តជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើជាតិមាតុភូមិអស់ជាច្រើនទសវត្សរ៍។

លោកអភិបាលខេត្ត ក៏បានលើកឡើងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ខេត្តពោធិ៍សាត់ ជាពិសេសការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន រហូតទទួលបានការកោតសរសើរជា "ខេត្តស្អាត គ្មានសំរាម"។ លោកបានលើកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានគៀរគរវិនិយោគិនមកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស ជាពិសេសនៅក្នុង "តំបន់សេដ្ឋកិច្ចពោធិ៍សាត់" ស្រុកក្រគរ ដែលបានបង្កើតការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាក្នុងតំបន់។

ពាក់ព័ន្ធនឹងស្ថានភាពសកល លោក ខូយ រីដា បានរំលឹកពីឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើង។ ក្នុងស្ថានភាពបែបនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែ និងថាមពលជាសេនាធិកា បានខិតខំទប់ស្កាត់ការឡើងថ្លៃហួសកម្រិត តាមរយៈការបញ្ចុះពន្ធនាំចូល ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវឱ្យមានការសន្សំសំចៃថាមពល និងជៀសវាងការស្តុកទុកប្រេង ដែលបង្កជាហានិភ័យ។

លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ គឺរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរប្រើប្រាស់យន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីឱ្យខានតែបាន។ ជាមួយគ្នានោះ អាជ្ញាធរតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះវីរកងទ័ពជួរមុខ និងគ្រួសារពលរដ្ឋ ភៀសសឹកជាប់ជាប្រចាំ។

លោកបានបញ្ជាក់ថា យោងតាមអនុសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានណែនាំដល់បណ្តាខេត្តដែលនៅជាប់ព្រំដែន ដែលមានជម្លោះជាមួយថៃ គឺមិនអនុញ្ញាតឱ្យរៀបចំសង្ក្រាន្ត មានលក្ខណៈអធិកអធមខ្លាំងក្លានោះទេ ប៉ុន្តែរដ្ឋបាលខេត្តអាចបង្កលក្ខណៈសប្បាយសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយឈរលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាព និងភាពស្ងប់ស្ងាត់ ជាពិសេសតាមបន្ទាត់ព្រំដែនជាចម្បង។

លោកអភិបាលខេត្ត ក៏សូមយកឱកាសនេះអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការលេងប៉ាតម្សៅ ឬបាញ់ទឹក ដែលបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ លោកបានប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់និវត្តជនគ្រប់រូប សូមមានសុខភាពល្អបរិបូរណ៍ និងជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅតរៀងទៅ និងបន្តមើលការអភិវឌ្ឍន៍ ក្រោមម្លប់នៃសន្តិភាព៕