ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់១៥គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមស្រុកមោងឬស្សី

07-04-2026 14:32

(បាត់ដំបង)៖ ដោយអនុវត្តន៍តាមអនុសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោក ទេព ហន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក មោងឬស្សី នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់១៥គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់១៥គ្រួសារ ក្នុងនោះមានរលំទាំងស្រុងចំនួន ១ខ្នងផ្ទះ (១គ្រួសារ) ប៉ើងតំបូលធ្ងន់ធ្ងរចំនួន ១០ខ្នង (១០គ្រួសារ) និងដោយអន្លើរចំនួន៤គ្រួសារ ដែលបានរងផលប៉ះពាល់ កាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦កន្លងទៅ។

ថ្លែងក្នុងឱកាសសំណេះសំណាលលោក ទេព ហន បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវការសោកស្ដាយ ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណា ម្នាក់ចង់ជួបប្រទះឡើយ។

លោកបន្តទៀតថា ជានិច្ចកាលសម្តេចតែង តែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណា មួយឡើយ ពោលគឺទីណា មានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ទន្ទឹមនោះលោកប្រធាន បានអំពាវនាវប្រជាពលរដ្ឋទាំអស់មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសសូមមេត្តាថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗ ត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែល នៅជិតបំផុត ដើម្បីអាចពិគ្រោះឬ ព្យាបាលបានទាន់ពេលវេលា។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាអនុសាខាជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាក ប្រជាពលរដ្ឋរងគ្រោះ គ្រប់រូបទាំងអស់ដោយគ្មានការរើសអើងមិនប្រកាន់វណ្ណៈពណ៌សម្បុរជំនឿសាសនា ឬនិន្នាការ នយោបាយអ្វីឡើយ។

ប្រជាពលរដ្ឋ សូមថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋាន និងសប្បុរស ជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។ សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គក្រ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ី ១យួរ, មី១កេស,ទឹកបរិសុទ្ធ ២យួរ៕