អតិថិជន គម្រោងទី២៩ បុរី ខេភី ម៉ន ដានី ថ្លែងអំណរគុណក្រសួងរៀបចំដែនដី ដែលបានដោះស្រាយផ្ដល់បណ្ណកម្មសិទ្ធិជូនពួកគាត់ (Video inside)
07-04-2026 14:33
(ភ្នំពេញ)៖ អតិថិជន គម្រោងទី២៩ បុរី ខេភី ម៉ន ដានី នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានថ្លែងអំណរគុណក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដោះស្រាយផ្ដល់បណ្ណកម្មសិទ្ធិជូនពួកគាត់។
លោក សាវិន ហ្វីលីព និងលោកស្រី សែម ឆវី អតិថិជន គម្រោងទី២៩ បុរី ខេភី ម៉ន ដានី បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅពេលដែលពួកគាត់ទិញផ្ទះពីគម្រោងនេះ និងទទួលបានផ្ទះភ្លាមៗ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាគឺគាត់មានតែកិច្ចសន្យាទិញ-លក់ ដោយមិនទាន់មានបណ្ណកម្មសិទ្ធិនៅឡើយ។
ដូចគ្នានេះដែរ លោក ពិសាល អតិថិជន គម្រោងទី២៩ បុរី ខេភី ម៉ន ដានី ក៏បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា គាត់បានទិញផ្ទះពីគម្រោងនេះនៅឆ្នាំ២០២១ ក្រោយឃើញមានអតិថិជនទិញផ្ទះពីបុរី ម៉ន ដានី ច្រើន។
លោក បន្តថា នៅពេលឃើញបុរីនេះមានបញ្ហា ដំបូងឡើយការដោះស្រាយមានត្រឹមតែភាគីម្ចាស់ផ្ទះ និងម្ចាស់បុរីប៉ុណ្ណោះ ក្រោយមកក្រសួងរៀបចំដែនដី ក៏បានចូលរួមសម្របសម្រួលដោះស្រាយរហូតឈានដល់ការផ្ដល់បណ្ណកម្មសិទ្ធិនៅថ្ងៃនេះ។
យ៉ាងណាមិញ ក្នុងនាមអតិថិជនគម្រោងនេះ ពួកគាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរាជរដ្ឋាភិបាល បានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាបណ្ណកម្មសិទ្ធិជូនពួកគាត់៕




