កងពលតូចអន្តរាគមន៍លេខ៧ សូត្រមន្តរាប់បាត្រព្រះសង្ឃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរយុទ្ធជន រៀបចំពិសានំបញ្ចុកសាមគ្គី និងលេងល្បែងប្រជាប្រិយ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
07-04-2026 15:39
(ព្រះវិហារ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ កងពលតូចអន្តរាគមន៍លេខ៧ បានរៀបចំពិធីសូត្រមន្តសុំសិរីសួស្តី និងរាប់បាត្រព្រះសង្ឃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរយុទ្ធជន ជាមួយនឹងការពិសានំបញ្ចុកសាមគ្គី និងលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ។
ពិធីនេះស្ថិតក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ និងលោកស្រី ណែម ចន្នី រួមជាមួយមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារទ័ព យ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
នៅក្នុងពិធីនេះ ជាពិសេស បានគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ទោ ដួង សំនៀង អតីតមេបញ្ជាការកងពល និងលោក រៀម តុងសៀន ព្រមទាំងវីរយុទ្ធជនទាំងអស់ ដែលបានពលីជីវិតយ៉ាងអង់អាច ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងទប់ស្កាត់ការឈ្លានពានដ៏ឃោរឃៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីពេលកន្លងទៅថ្មីៗនេះ។
បន្ទាប់ពីពិធីសាសនាបានបញ្ចប់ លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី និងលោកស្រី ណែម ចន្នី បានរៀបចំនូវអាហារ នំបញ្ចុកសាមគ្គី ថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើន ចែកជូនដល់កងកម្លាំង និងគ្រួសារកងទ័ព ដែលបានអញ្ជើញចូលរួមក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ។
លើសពីនេះក៏មានការរៀបចំល្បែងប្រពៃណីខ្មែរ ដូចជា វាយក្អម និងការរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដែលបានបង្កើតបរិយាកាសសាមគ្គីភាព និងភាពរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៕

























