អភិសន្តិបណ្ឌិត ស សុខា អំពាវនាវអាណាព្យាបាល យកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅចាប់ពីថ្នាក់កុមារតូច!
07-04-2026 15:41
(ព្រៃវែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានព្រៃវែង បានទទូច និងអំពាវនាវអាណាព្យាបាលគ្រប់រូបដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី សសុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងពិសាអាហារ សាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាពោធិអណ្តោត ស្ថិតក្នុងភូមិពោធិអណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបញ្ជូនកូន ប្អូន ឬក្មួយ ដែលគ្រប់អាយុចូលរៀន គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះកុមារប្រៀបដូចជាក្រដាសសមួយផ្ទាំង ដែលងាយនឹង ទទួលយកនូវការអប់រំ និងការបណ្ដុះបណ្ដាល។ បើសិនជាយើងអាចផ្ដល់នូវចំណេះដឹង និងគុណធម៌ដល់ពួកគាត់បានទាន់ពេលវេលា នោះពួកគាត់នឹងក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំ ដែលមានទាំងសមត្ថភាព និងសីលធម៌ ដើម្បីបន្តវេនក្នុងការដឹកនាំ និងការពារមាតុភូមិទៅថ្ងៃអនាគត។
ប្រមុខក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់ថា កុមារដែលបានចូលរៀនចាប់ពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ គឺភាគច្រើនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ព្រោះដោយសារពួកគាត់មានមូលដ្ឋាន គ្រឹះនៃការយល់ដឹងតាំងពីតូច ដែលធ្វើឱ្យការបន្តការសិក្សានៅថ្នាក់ខ្ពស់ៗមិនមានភាពរអាក់រអួល ហើយថែមទាំងជួយឱ្យកុមារមានភាពក្លាហាន និងមានវិន័យរឹងមាំក្នុងការសិក្សា ជាងកុមារដែលមិនបានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា។
ក្នុងន័យនេះ អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សានាព្រឹកនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យ អប់រំនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ជូនបុត្រធីតាឱ្យមកទទួលយកការបណ្ដុះបណ្ដាលក្នុងបរិស្ថានសិក្សាដែលសមរម្យ មានសុវត្ថិភាព និងមានស្តង់ដារត្រឹមត្រូវ។
អភិសន្តិបណ្ឌិត បានបន្តថា អគារសិក្សាថ្មីនេះ មិនមែនត្រឹមតែជាសំណង់បេតុងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាថ្នាលបណ្ដុះពូជចំណេះដឹងយ៉ាងសំខាន់ ដែលនឹងជួយសម្រាលបន្ទុកអាណាព្យាបាល និងផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ ក្នុងសហគមន៍ឱ្យមានលទ្ធភាពចូលរៀនបានទាន់ពេលវេលា ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សតាំងពីកម្រិតដំបូងបង្អស់។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណសប្បុរសជននានា ក៏ដូចជារដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលស្រុកបាភ្នំ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍវិស័យអប់រំនៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដែលបញ្ជាក់ឱ្យឃើញពីស្មារតីរួមគ្នា កសាងអនាគតកុមារកម្ពុជាឱ្យកាន់តែមានពន្លឺ និងរុងរឿងជានិរន្តរ៍៕
















