លោក ងួន វាសនា អតីតអភិបាលស្រុកឱរ៉ាល់ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ស្ពឺ
07-04-2026 16:15
(កំពង់ស្ពឺ)៖ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត ក្រោមអធិបតីភាពលោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងពិធីនេះដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តយ៉ាងច្រើននាក់។
ក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចូលរួមអបអរសាទរលោក ងួន វាសនា ត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើន។
លោកបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យលោកអភិបាលរងថ្មី ត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការជិតស្និទ្ធជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
លោក ប៊ុន ហ៊ុន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី ភារកិច្ច និងការលះបង់ខ្ពស់ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ ជាពិសេសការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងបានផ្តល់អនុសាសន៍ដល់លោកអភិបាលរងដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង បង្ក្រាបករណីឆបោកតាមប្រព័ន្ធ (Scam Online) និងការសម្របសម្រួលសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានតម្លាភាព៕




























