ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន១០១គ្រួសារ នៅសង្កាត់គោកចក ទទួលបានអំណោយពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក
07-04-2026 16:41
(សៀមរាប)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១០១គ្រួសារ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦នេះ បានទទួលជាគ្រឿងឧបភោគបរិភោគ ពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ ព្រមទាំងរដ្ឋបាលសង្កាត់គោកចក។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា ការដែលយើងមានចិត្តមេត្តាចេះចែករំលែកនូវស្បៀងអាហារដល់អ្នកដែលកំពុងខ្វះខាត គឺជាទានបារមីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះពុទ្ធសាសនា ការឲ្យទាននូវអាហារ ឈ្មោះថា ឲ្យនូវកម្លាំងហើយទង្វើនេះ មិនត្រឹមតែជួយជីវិតមនុស្សឲ្យរស់បាននោះទេ ប៉ុន្តែវាគឺជាការសាបព្រោះគ្រាប់ពូជនៃសន្តិភាពនិងក្ដីស្រឡាញ់នៅក្នុងសង្គម។ វត្តអារាម ព្រះសង្ឃ ទីពឹងទៅលើបងប្អូនពុទ្ធបរិស័ទ នៅពេលដែលប្រជាពុទ្ធបរិស័ទមានទុក្ខលំបាក ក៏ត្រូវការ ទីពឹងព្រះសង្ឃ វិញផងដែរ។
ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា រាល់អំណោយជាគ្រឿងឧបភោគបរិភោគទាំងនេះ ព្រះអង្គក៏បានទទួល ពីបងប្អូនពុទ្ធបរិស័ទ និងសប្បុរសជន ជួយដល់បងប្អូនគ្រួសារក្រីក្រ និងបងប្អូនភៀសសឹកដោយសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្ថែមទៀតថា វត្តអារាមជានិមិត្តរូបនៃជនជាតិខ្មែរ ដែលជនជាតិខ្មែរនៅទីណាត្រូវតែមានវត្តអារាមនេះ ហើយវត្តគឺជាកន្លែងប្រជុំរបស់ប្រជាជនគ្រប់វ័យ និងវណ្ណៈដោយគ្មានការរើសអើង ដែលទទួលកូនខ្មែរជាសិស្សានុសិស្សក្រីក្រឲ្យស្នាក់នៅសិក្សារៀនសូត្រ និងស្វែងយល់ពីប្រពៃណីទំនៀមទំលាប់ជាតិ និងជាកន្លែងចែករំលែកទាន/បច្ច័យបួន។
លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលកន្លងមកគ្រប់សកម្មភាពរបស់ព្រះគ្រូ មិនត្រឹមតែជួយសម្រាលបន្ទុករបស់អាជ្ញាធរដែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា "ឱសថទិព្វ" ជួយព្យាបាលផ្លូវចិត្ត និងផ្តល់សេចក្តីសង្ឃឹមដល់ជនងាយរងគ្រោះ ឲ្យមានកម្លាំងចិត្តតស៊ូក្នុងជីវិតបន្តទៀត។
លោកបញ្ជាក់ថា ក្នុងកាលៈទេសៈនាពេលកន្លងមក ព្រះអង្គបានចូលរួមដោះស្រាយនូវរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ និងជួយដល់បងប្អូនគ្រួសារភៀសសឹក និងគ្រួសារក្រីក្រ មិនថាក្នុងខេត្ត ឬក្រៅខេត្តឡើយ។ ក្នុងនាមអាជ្ញាធរលោក ប្តេជ្ញានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយព្រះសង្ឃគ្រប់ព្រះអង្គ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៕
























