ការចំណាយច្រើនជាងមុន និងភាពភ័យខ្លាចខ្វះប្រេងឥន្ធនៈ ជំរុញឱ្យការលក់ម៉ូតូអគ្គិសនីនៅប៉ាគីស្ថាន ហក់ឡើងខ្ពស់ (Video inside)

07-04-2026 16:58

(អ៉ីស្លាម៉ាបាដ)៖ ហាងលក់ម៉ូតូអគ្គិសនីនៅក្នុងប៉ាគីស្ថាន ហាក់ទទួលបានការចាប់អារម្មណ៍ច្រើន ស្របពេលដែលមានពាក្យចចាមអារ៉ាមអំពីកង្វះខាតប្រេង ខណៈប្រទេសនេះនាំចូលប្រេងស្ទើរតែទាំងអស់នៃការផ្គត់ផ្គង់របស់ខ្លួន តាមច្រកសមុទ្រ Hormuz ដែលត្រូវអ៉ីរ៉ង់បិទខ្ទប់ ក្រោយផ្ទុះសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។

ជាងកែច្នៃម៉ូតូចាក់សាំងទៅជាប្រើអាគុយ នៅក្នុងទីក្រុង Rawalpindi ភាគខាងជើងប៉ាគីស្ថាន បាននិយាយថា ការលក់ក្នុងខែមីនាបានកើនឡើង ៧០ភាគរយ។ រីឯម្ចាស់ហាងលក់រាយម៉ូតូអគ្គិសនី ដែលបើកអស់រយៈពេល ៧ឆ្នាំមកហើយ និងមានសាខាទូទាំងប្រទេសប៉ាគីស្ថាន បាននិយាយថា ការកើនឡើងនៃការលក់នាពេលថ្មីនេះ គឺខ្ពស់បំផុតមិនធ្លាប់មាន។

មន្ត្រីឧស្សាហកម្ម ក៏ដូចជាក្រុមអ្នកវិភាគរំពឹងថា វិបត្តិនឹងជំរុញនិន្នាការ EV (យានជំនិះអគ្គិសនី) នៅក្នុងប៉ាគីស្ថាន ដែលប្រើថាមពល solar (ថាមពលពន្លឺព្រះអាទិត្យ) យ៉ាងទូលំទូលាយ ហើយមានតម្លៃថោក។ ការផ្លាស់ប្តូរក៏នឹងជួយកាត់បន្ថយការនាំចូលប្រេង ពង្រឹងទុនបម្រុងអន្តរជាតិ និងកាត់បន្ថយការបំភាយឧស្ម័នផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីការដំឡើងថ្លៃ ១៨ភាគរយរបស់រដ្ឋាភិបាល កាលពីសប្តាហ៍មុន ពលរដ្ឋចំណូលមធ្យមប៉ាគីស្ថាន ត្រូវចំណាយប្រហែល ៣១ភាគរយនៃលុយដែលខ្លួនរកបាន សម្រាប់ប្រេងឥន្ធនៈមួយលីត្រ៕