លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មេបក្សគួមីងតាំង ជាន់ដីមាតុភូមិកំណើត សញ្ញានៃសាមគ្គីភាពឈាមខាប់ជាងទឹក
07-04-2026 19:38
(ភ្នំពេញ)៖ នៅខណៈពេលធ្វើដំណើររបស់មេដឹកនាំបក្ស គួមីងតាំង ពីតំបន់ តៃវ៉ាន់ ទៅកាន់ដីគោកចិន គឺមិនត្រឹមតែជាការទស្សនកិច្ចធម្មតាទេ ប៉ុន្តែជាសញ្ញាដ៏ជ្រាលជ្រៅនៃការតភ្ជាប់វិញនៃបេះដូង និងប្រវត្តិសាស្ត្រដែលមិនអាចកាត់ផ្តាច់បាន។ ទោះបីជាមានសមុទ្រធំខំញែក និងកម្លាំងខាងក្រៅខំរំខាន ក៏មិនអាចបំបែកខ្សែសង្វាក់ឈាម និងអត្តសញ្ញាណរួមរបស់ជនជាតិចិនទាំងពីរខាងបានឡើយ។ នេះជាការបញ្ជាក់ពីលោកបណ្ឌិត ជា មុនីឫទ្ធិ អ្នកជំនាញវឌ្ឍនភាពកម្ពុជា-ចិន។
ជំហានដាក់ជើងលើដីមាតុភូមិកំណើតរបស់លោកស្រី ចឹង លីវ័ន ត្រូវបានអ្នកជំនាញរូបនេះជឿជាក់ថា ដូចជាការត្រឡប់ទៅរកដើមជាតិ ដែលផ្ទុកទៅដោយអារម្មណ៍នឹករលឹក និងការគោរពបុព្វបុរស។ លោកបណ្ឌិតថា វាបង្ហាញពីទំនាក់ទំនងរវាងប្រជាជនពីរខាងសមុទ្រតៃវ៉ាន់ មិនមែនជាបញ្ហានយោបាយតែមួយទេ ប៉ុន្តែជាប្រវត្តិសាស្ត្រ វប្បធម៌ និងឈាមជាតិដែលភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។
ក្នុងបរិបទបច្ចុប្បន្នលោកបណ្ឌិត ជា មុនីឫទ្ធិ យល់ឃើញថា ការជួបជុំ និងការទំនាក់ទំនងឡើងវិញរវាងភាគីទាំងពីរ អាចក្លាយជាគន្លឹះសំខាន់សម្រាប់ការកសាងទំនុកចិត្ត និងសន្តិភាពយូរអង្វែង។ វាជាការរំលេចថា ទោះបីជាមានភាពខុសគ្នានយោបាយ ក៏មនុស្សនៅពីរខាងសមុទ្រតែម្ដងនៅតែមានបេះដូងដូចគ្នា និងសង្ឃឹមដូចគ្នាសម្រាប់អនាគតរួម។
«ឈាមខាប់ជាងទឹក» មិនមែនជាពាក្យប្រៀបធៀបទេ ប៉ុន្តែជាការពិតដែលត្រូវបានបញ្ជាក់ឡើងវិញរាល់ពេលដែលជើងមនុស្សម្នាក់ត្រឡប់ទៅលើដីកំណើត ដីដែលភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគតជាមួយគ្នាយ៉ាងមិនអាចបំបែកបាន។ នេះជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ជា មុនីឫទ្ធិ។
សូមបញ្ជាក់ថា លោកស្រី ចឹង លីវ័ន ប្រមុខបក្សប្រឆាំងតៃវ៉ាន់ (គួមីងតាំង) បានទៅដល់ប្រទេសចិន នៅថ្ងៃអង្គារទី៧មេសានេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ក្នុងដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១២មេសានេះ គឺដើម្បីរឹតចំណងទំនាក់ទំនងជាមួយប៉េកាំង។ នេះជាទស្សនកិច្ចដ៏កម្រ និងជាលើកទីមួយគិតចាប់តាំងពីឆ្នាំ២០១៦មក លោកស្រី ចឹងលីវ័ន សង្ឃឹមថានឹងអាចចូលជួបប្រធានាធិបតីចិន លោក ស៊ីជីនពីង ដោយផ្ទាល់ផង៕






