ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូនវីរកងទ័ព និងវីរនគរបាល ឈរជើងការពារទឹកដី តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
07-04-2026 21:49
(បន្ទាយមានជ័យ)៖ ក្នុងស្មារតីស្នេហាជាតិ ក៏ដូចជារួបរួមសាមគ្គីជាធ្លុងមួយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ លោក ប្លែក វ៉ា រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារដោយមានការចូលរួមពីក្រុមម៉ូតូខេត្តបន្ទាយមានជ័យ ប្រមាណ ៣០គ្រឿង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយមានស្បៀង ភេសជ្ជៈ ជូនដល់កងលាំវីរកងទ័ព និងវីរនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរលោក អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហានវីរកងទ័ព វីរនគរបាល និងអាវុធហត្ថ ដែលលះបង់ដេីម្បីបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវប្រទេសជិតខាង។ ព្រមទាំងបានលះបង់ប្តូរផ្តាច់យកទ្រូងការពារគ្រប់ ការពរទឹកដី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ប្រកបរបររកស៊ីចឹញ្ចឹមជីវិត។
លោកអភិបាលខេត្តក៏បានរំលឹកដឹងគុណទៅដល់វីរកងទ័ព និងវីរនគរបាលដែលបានពលី និងរងរបួសនៅក្នុងសមរភូមិនាពេលកន្លងមក។ ក្នុងនាមខ្មែរតែមួយ សមរភូមិក្រោយ ជួយដល់សមរភូមិមុខ គ្រប់កាលៈទេសៈ នៅតែបន្តជួយជ្រោមជ្រែងក្នុងការជួយស្បៀងដល់វីរកងទ័ព និងវីរនគរបាល។
លោកក៏បានជូនពរដល់វីរកងទ័ព និងវីរនគរបាលក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបានសេចក្ដីសុខសប្បាយ មានសុខភាពល្អឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង៕






















