ដំណឹងមរណទុក្ខ! អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ម្ដាយបង្កើត នាយឧត្តមសេនីយ៍ ស ថេត បានទទួលមរណភាព

08-04-2026 06:53

(ភ្នំពេញ)៖ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ម្ដាយបង្កើតនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលមរណភាព នៅថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១៖១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់ដ៏ធំធេងនូវមាតាដ៏ប្រពៃ និងជាអ្នកមានគុណដ៏ខ្ពង់ខ្ពស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រាបុត្រី កូនចៅឱ្យក្លាយជាធនធានដ៏ល្អក្នុងសង្គមជាតិ។ មិនតែប៉ុណ្ណោះ ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានបរិច្ចាគនូវធនធាន និងសទ្ធាជ្រះថ្លាដ៏មុតមាំក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនាជានិច្ចកាលមក។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងដល់តេជៈបារមី នៃព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ប្រារព្ធរៀបចំតាមប្រពៃណី នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ ស ថេត ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕