ឧត្តមសេនីយ៍ឯក កឹង ឃន ទទួលជួបសម្ដែងការគួរសម ប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលមកសំណេះសំណាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
08-04-2026 07:46
(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានអនុញ្ញាតឲ្យគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជិន ង៉ុកហូវ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ចូលជួបសម្តែងការគួរសម និងជូនពរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ជិន ង៉ុកហូវ បានលើកឡើងថា ទំនាក់ទំនងការងាររវាងកងកម្លាំងនគរបាលកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម សម្រេចបានជោគជ័យជាច្រើនក្នុងកិច្ចសហការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន គ្រប់គ្រង ត្រួតពិនិត្យការឆ្លងដែនទៅមករបស់ប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ ព្រមទាំងស្រាវជ្រាវបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងការឆ្លងដែនខុសច្បាប់។
បើតាមលោកឧត្តមសេនីយ៍ត្រី ជិន ង៉ុកហូវ, កត្តានេះបានចូលរួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្កលក្ខណៈងាយស្រួល ដល់សកម្មភាពពាណិជកម្ម សេដ្ឋកិច្ច កសាងព្រំដែន នៃប្រទេសទាំងពីរជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោកឧត្តមសេនីយ៍ត្រី ជិន ង៉ុកហូវ បានបន្តថា ឈរលើមូលដ្ឋានលទ្ធផលដ៏ល្អប្រសើរនេះ កងកម្លាំង នៃភាគីទាំងពីរនឹងលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហការធានាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន ជាពិសេសរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព ប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី-សហប្រតិបត្តការគ្រប់វិស័យជានិរន្តរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ កម្លាំងនគរបាលកម្ពុជា-កងកម្លាំង នៃកងទ័ពការពារព្រំដែនវៀតណាម ព្រមទាំងជូនពរទំនាក់ទំនងរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម កាន់តែរឹងមាំ និងរីកចម្រើន។
លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកឧត្តមសេនីយ៍ត្រី ជិន ង៉ុកហូវ និងសហការី ដែលឆ្លៀតពេលដ៏មានតម្លៃមកសម្តែងការគួរសម និងជូនពរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលនេះ។
លោកឧត្តមសេនីយ៍ឯក កឹង ឃន បានគូសបញ្ជាក់ថា ការមកជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម បានឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងជាប្រពៃណីរវាងកងកម្លាំងនៃប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ឯក កឹង ឃន សង្ឃឹមយ៉ាងមុតនាំថា កងកម្លាំងនគរបាលកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម សម្រេចបានជោគជ័យបន្ថែមទៀតក្នុងកិច្ចសហការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ព្រំដែន ជាពិសេសការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ សំដៅធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ៕














