រដ្ឋមន្ត្រីក្រសួងការពារជាតិ សង្ឃឹមថារុស្ស៊ីនឹងបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងទ័ពកម្ពុជា ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការយោធា និងការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត (Video inside)

08-04-2026 09:08

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមស្វាគមន៍នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង (នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣) មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ជាមួយនាវិកប្រមាណ ២៦២នាក់។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងនាពេលនេះ នឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា៖ «ខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត ជាពិសេសការបណ្តុះបណ្តានធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត»។

សូមបញ្ជាក់ថា នាវាចម្បាំងរបស់រុស្ស៊ីចំនួន​២​គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចរយៈ​ពេល​៣ថ្ងៃ​នៅ​កម្ពុជា។ នាវាចម្បាំងទាំងពីរគ្រឿងនេះ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក​នៃកងទ័ព​ជើង​ទឹកសហព័ន្ធរុស្ស៊ី។

នាវាចម្បាំងរបស់រុស្ស៊ីដែលចតនៅកម្ពុជានេះ រួមមាននាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣។ នាវា​ចម្បាំង​​ទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាន​នាវិកសរុប​ប្រមាណ ២៦២នាក់។

នាវាចម្បាំង Sovershennyy ដាក់ដំណើរការកាលពីឆ្នាំ២០១៧។ វាជានាវាចម្បាំងប្រភេទ corvette ថ្នាក់ Steregushchy-class ទម្ងន់២២០០តោន ប្រវែង១០៤ម៉ែត្រ ដើរដោយម៉ាស៉ីនម៉ាស៊ូត និងល្បឿន៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។ នាវាចម្បាំងនេះ មានបំពាក់ប្រព័ន្ធរ៉ាដា និងមីស៉ីលចម្រុះ ហើយមានកន្លែងសម្រាប់ឱ្យឧទ្ធម្ភាគចក្រអាចចុះចតបាន។

នាវាចម្បាំង Rezky ដាក់ដំណើរការកាលពីឆ្នាំ២០២៣។ វាមានលក្ខណៈបច្ចេកទេស ស្រដៀងគ្នាទៅនឹងនាវាចម្បាំង Sovershennyy ដែរ ដោយសារជានាវាប្រភេទ corvette ស្ថិតក្នុងថ្នាក់ Steregushchy-class ដូចគ្នា។ ពួកវាមានតម្លៃខ្ទង់ ១២០-១៥០លានដុល្លារក្នុងមួយគ្រឿង។

ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំងពីរគ្រឿងនេះ គឺជាកម្ម​វិធីមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារ​ជាតិ​រវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។

ក្រោយពេលចូលចតនៅកម្ពុជាហើយនោះ មេបញ្ជា​ការ និងនាវិកនៅលើនាវានឹងបំពេញទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ ដោយមានការ​ចូល​ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។

ឯកអគ្គរដ្ឋរុស្ស៊ីប្រចាំនៅ​កម្ពុជា លោក Anatoly Borovik បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករបស់រុស្ស៊ីនាពេលនេះ គឺជាការពង្រឹងកិច្ចសហការ រវាងប្រទេសទាំងពីរ ក្នុងវិស័យការពារជាតិ និងបង្កើនភាពស្និទ្ធស្នាលរវាងយោធារុស្ស៊ី និងប្រជាជនកម្ពុជា។ គោលបំណងសំខាន់ គឺពង្រឹងកិច្ចសហប្រតិបត្តិការភាគីទាំង​សង្ខាង។ ទន្ទឹមនឹងនេះ រុស្ស៊ី ក៏ចង់បង្ហាញពី សមត្ថភាពកម្រិតខ្ពស់នៃកម្លាំងទ័ពជើង​ទឹក​របស់រុស្ស៊ីផងដែរ ព្រោះនាវាយោធានេះ ត្រូវបានសាងសង់ក្នុងរយៈពេលខ្លី​បំពាក់​ដោយបច្ចេកវិទ្យាទំនើប។

សូមបញ្ជាក់ថា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី នាវាចម្បាំងរបស់រុស្ស៊ី បានមកចត និងទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ កាលពីឆ្នាំ​២០២៥ កំលុងខែមេសា និងឧសភា ក្រុមនាវាចម្បាំងរុស្ស៊ីជាច្រើនគ្រឿង បានចូល​មក​ច​ត​នៅកម្ពុជា រួមមាននាវាចម្បាំង Hero of the Russian Federation Aldar Tsydenzhapov និង Rezky រួមជាមួយនាវាផ្ទុកប្រេងធុនមធ្យម Pechenga នៅឯកំពង់ផែស្វយ័តព្រះសីហនុ។

របាយការណ៍បានបង្ហាញផងដែរថា គិតចាប់ពីឆ្នាំ២០១១មក នាវាចម្បាំងរុស្ស៊ី បានចូលចតនៅកម្ពុជា ចំនួន៨លើក ស្មើ១៨គ្រឿង៕