ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរជូន ឯកឧត្តម តូ ឡាំ ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានរដ្ឋវៀតណាម (Video inside)

08-04-2026 10:24

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារអបអរសាទរជូន ឯកឧត្តម តូ ឡាំ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភាជាតិវៀតណាម នីតិកាលទី១៦ បោះឆ្នោតជ្រើសរើស ឯកឧត្តម ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

ក្នុងព្រះរាជសារព្រះមហាក្សត្រ បានបញ្ជាក់ថា «ឯកឧត្តមប្រធានរដ្ឋ ជាទីគោរពស្រឡាញ់ និងរាប់អានដ៏ជ្រាលជ្រៅ! ក្នុងនាមប្រជារាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានហឫទ័យសោមនស្ស រីករាយ និងសូមអបអរសាទរដោយស្មោះអស់ពីដួងហឫទ័យ ជូន ឯកឧត្តម ដែលត្រូវបានសម័យ ប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភាជាតិវៀតណាម នីតិកាលទី១៦ បានបោះឆ្នោតជ្រើសរើស ឯកឧត្តម ជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១»

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដំឈ្លាសវៃរបស់ឯកឧត្តមប្រធានរដ្ឋ សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបន្តទទួលបានមហាជោគជ័យ មានការអភិវឌ្ឍរីកចម្រើនជឿនលឿនលើ គ្រប់វិស័យ និងរក្សាបាននូវតួនាទីដ៏សំខាន់នៅក្នុងតំបន់ និងនៅក្នុងពិភពលោក។

ខ្ញុំ សង្ឃឹមថា ប្រជាជាតិយើងទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រទេសជិតខាងគ្នាកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ហើយបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាតិ បានកាន់តែល្អប្រសើរឡើងថែមទៀត។

ខ្ញុំ សូមជូនពរ ឯកឧត្តមប្រធានរដ្ឋ សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើប្រជាជាតិ និងប្រជាជនវៀតណាម កុំបីអាក់ខានឡើយ។

សូម ឯកឧត្តមប្រធានរដ្ឋ មេត្តាទទួលនូវការគោរពស្រឡាញ់ និងរាប់អានដ៏ជ្រាលជ្រៅ អំពីខ្ញុំ៕