មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឲ្យបង្កើនបង្ក្រាបរាល់បទល្មេីស ដូចជាក្មេងទំនេីង ល្បែងស៉ីសង ពិសេសបទល្មើសគ្រឿងញៀន
08-04-2026 10:40
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានជំរុញបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវបន្តក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អប្រសេីរ និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានខ្ចាប់ខ្ជួន បង្ក្រាបរាល់បទល្មេីសនៅក្នុងមូលដ្ឋានរបស់ខ្លួនមានដូចជាក្មេងទំនេីង ល្បែងស៊ីសង ពិសេសបទល្មើសគ្រឿងញៀនជាដេីម។
លោកជំរុញបែបនេះ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ ពេលអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់កងរាជអាវុធហត្ថខេត្ត និងពិធីបំពាក់ស័ក្តិ និងប្រគល់សេចក្តីសម្រេចតម្លើងឋានន្តរស័ក្តិ ចំនួន៥រូប និងផ្លាស់ប្តូរមុខងារចំនួន៥រូប ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោក-លោកស្រី នាយការិយាល័យ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងកងកម្លាំងកងរាជអាវុធហត្ថជាច្រើនរូប នៅសាលប្រជុំ ធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ដោយក្តីនឹករលឹកផងដែរ ព្រមទាំងបានគោរពដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ពិសេសអាវុធហត្ថដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពាន និងការពារបូរណភាពទឹកដីនាពេលកន្លងមក។
ជាមួយនឹងកិច្ចការងារដែលសម្រេចបាននាពេលកន្លងមកលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងការកោតសរសេីរដល់អាវុធហត្ថទាំងអស់ដែលបានខិតខំបំពេញតួនាទី ភារកិច្ច និងបម្រើពលរដ្ឋបានយ៉ាងល្អប្រសេីរ។
សូមបញ្ជាក់ថា ក្នុងពិធីបំពាក់ស័ក្តិនិងប្រគល់សេចក្តីសម្រេចតម្លើងឋានន្តរស័ក្តិ និងផ្លាស់ប្តូរមុខងារ ក្នុងនោះលោកអនុសេនីយ៍ឯក តិល តៃលីវ នាយការិយាល័យសន្តិសុខផ្ទៃក្នុង មន្ទីរកសាងកម្លាំង បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជំនួសលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ដែលបានទទួលភារកិច្ចថ្មី ជានាយសេនាធិការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ក្រោយបញ្ចប់កិច្ចប្រជុំ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការង លោកប្រធានមន្ទីរទាំង៧ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថទាំង៩ ក៏បានជូនវត្ថុអនុស្សាវរីយ៍និងជូនពរដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នាពេលដ៏ខ្លីខាងមុខនេះផងដែរ៕




























































