តំណាងលោកអ្នកឧកញ៉ា ពុង ឃាវសែ ចុះចែកអំណោយដល់ប្រជាពលរដ្ឋ២១៨គ្រួសារ រស់នៅក្នុងបុរី «រុងរឿង»

08-04-2026 11:13

(ភ្នំពេញ)៖ លោក ផន សុភាព ប្រធានការដ្ឋានសាងសង់ OCIC តំណាងលោកអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ២១៨គ្រួសារ ដែលរស់នៅក្នុងបុរី «រុងរឿង» នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

លោក ផន សុភាព បានឲ្យដឹងថា កន្លងមកក្រុមហ៊ុន បានធ្វើការចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ បានចំនួន៣៦លើករួចមកហើយ ហើយនេះ ក៏ជាលើកទី៣៧ផងដែរ។

លើសពីនេះទៀត ដោយក្តីមេត្តាករុណា វប្បធម៌នៃក្តីអាណិតស្រលាញ់ និងសិល្បះ នៃការចែករំលែករបស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ និងគណៈគ្រប់គ្រងបុរីរុងរឿង បានចូលរួមចំណែកក្នុងកិច្ចការសង្គម ជូនប្រជាពលរដ្ឋបន្ថែមដូចជា៖

* បានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ ដែលទទួលយកគោលនយោបាយដោះដូរផ្ទះ មករស់នៅបុរីរុងរឿង ឲ្យមានការងារធ្វើនៅគម្រោងអភិវឌ្ឍន៍ទីក្រុងជ្រោយចង្វារ បានជាច្រើននាក់ផងដែរ។

* មូលនិធិគ្រាប់ពូជព្រហ្មវិហារធម៌ និងមិនគិតពីប្រាក់ចំណេញប្រកបដោយក្ដីអាណិត មេត្តា ករុណា ដ៏ប្រពៃ ជូនបងប្អូនប្រជាពលរដ្ឋ និងបុគ្គលិកដែលមានជីវភាពខ្វះខាត ដោយពុំយកការប្រាក់។ ព្រហ្មវិហារធម៌របស់មូលនិធិ គឺផ្តល់អទិភាពលើ៖

១៖ បង់ថ្លៃសាលា ទិញសម្ភារៈ សៀវភៅសិក្សាឱ្យកូន ចៅ រៀន
២៖ ចំណាយផ្សេងៗដែលចាំបាច់ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ក្នុងសហគមន៍ -ល-។ បច្ចុប្បន្ននេះ មូលនិធិមេត្តាករុណាបុរីរុងរឿង បានកើនឡើងបាន៣៤លានរៀលហើយ។

លោក ផន សុភាព បានឲ្យដឹងទៀតថា សព្វថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ និងបុគ្គលិក កម្មករ និងជាងជំនាញបច្ចេកទេស សរុបចំនួន១៨៥នាក់ហើយ ដែលមានសំណាង ទទួលការសណ្តោសប្រណី ដែលបានប្រសូត្រ ចេញពីបេះដូងមនុស្សធម៌ និងសិល្បៈ នៃការចែករំលែករបស់ អ្នកឧកញ៉ាបណ្ឌិត និងលោកស្រី។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង បើគិតពីការ ចំណាយតាំងពីលើកទី១ ដល់លើកទី៣៧នេះ លោកអ្នកឧកញ៉ា បានចំណាយអស់ទឹកប្រាក់សរុប មានចំនួនប្រមាណ១,០៥៦លានរៀលហើយ៕