ក្រសួងទេសចរណ៍ ចេញសេចក្ដីណែនាំដល់ប្រតិបត្តិករទេសចរណ៍ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
08-04-2026 11:44
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំស្តីពី «ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ» ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦។
យោងតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ ស្របតាមយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងស្របតាមគុណតម្លៃនៃវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ កម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃអង្គារ-ពុធ-ព្រហស្បតិ៍ ១២-១៣-១៤ រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដូចតទៅ៖
១៖ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពនៅតាមមូលដ្ឋានអាជីវកម្ម
២៖ ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅផ្នែក ខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះអង្គ ទាំងបី ចំនួន ៣ច្បាប់ ស្របតាមសេចក្តីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍
៣៖ រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅទីតាំងអាជីវកម្មរបស់ប្រតិបត្តិករទេសចរណ៍ សូមបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្ត ដោយមិនឱ្យប្រាសចាក ពីប្រពៃណីទំនៀមទម្លាប់ខ្មែរ
៤៖ ត្រូវរៀបចំចំណតរថយន្តឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្ម អាជីវកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និង យានយន្តដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ
៥៖ ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃ និង លក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍
៦៖ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបាន ល្អប្រសើរ
៧៖ ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលបុគ្គលិកអំពីការទទួលបដិសណ្ឋារកិច្ច និង ជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋាន ត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ពិសេសស្នើសុំឱ្យមានការរំលេចលក្ខណៈជាខ្មែរ
៨៖ ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបានញឹកញាប់ ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹក និងមានសម្ភារគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ កន្សែងជូតដៃ ក្រដាសជាដើម និងសូមបែងចែក រវាងបន្ទប់ទឹកបុរស-នារី ដើម្បីរក្សាឱ្យមានសុវត្ថិភាព
៩៖ ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមផ្សព្វផ្សាយឱ្យបាន សកម្មនូវយុទ្ធនាការក្រោមទិសស្លោកចំនួន៣៖ ទី១ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍» ទី២ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និងទី៣ «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាម្នាក់»
១០៖ ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍៖






