បណ្តាញ «អ៉ីនត្រាណិត តេជោជំហានទី១» ត្រូវបានប្រគល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការប្រើប្រាស់ FMIS និងការពង្រីកសេវាឌីជីថលនានារបស់ក្រសួង
08-04-2026 12:57
(ភ្នំពេញ)៖ បណ្តាញ «អ៉ីនត្រាណិតតេជោ ជំហានទី១» ត្រូវបានក្រុមហ៊ុនខេមបូឌា ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (CFOCN) ប្រគល់ជាផ្លូវការជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា ដែលបណ្តាញនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការប្រើប្រាស់ FMIS និងការពង្រីកសេវាឌីជីថលនានារបស់ក្រសួង។
បណ្តាញដែលត្រូវបានប្រសិទ្ធនាមថា «អ៉ីនត្រាណិតតេជោ ជំហានទី១» ត្រូវបានក្រុមហ៊ុន ខេមបូឌា ហ្វីប៊ើរអុបទិច ខមញូនីខេសិន ណេតវើក (CFOCN) និងក្រុមហ៊ុនមេ HyalRouteGroup បានប្រគល់ជាផ្លូវការ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវកម្មសិទ្ធិផ្ដាច់មុខ លើខ្សែកាប្លិ៍អុបទិកចំនួន២ បណ្ដូលប្រវែងប្រមាណ ៧ ១៨៣ គីឡូម៉ែត្រ ដោយបានតភ្ជាប់ទៅ «១៧៧ការដ្ឋាន» នៅទូទាំងប្រទេស ។
បណ្តាញនេះកំពុងត្រូវបានប្រើប្រាស់ក្នុងការគាំទ្រដល់ការផ្តល់សេវាចាំបាច់នានា របស់រាជរដ្ឋាភិបាល រួមមាន ការដ្ឋាន FMIS, មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ប្រព័ន្ធCamDX, និង ប្រព័ន្ធសំខាន់ជាច្រើនទៀត នៅទូទាំងប្រទេស។
ការប្រគល់ជូននូវបណ្តាញដែលប្រសិទ្ធនាមថា «អ៉ីនត្រាណិត តេជោជំហានទី១» ធ្វើឡើងក្នុងពិធី «ប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការនូវគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី៤ ឆ្នាំ ២០២៦-២០៣០» នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមានថ្នាក់ដឹកនាំមកពីក្រសួងចំនួន១៤ រួមមាន៖ ក្រសួងផែនការ, ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងមុខងារសាធារណៈ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រសួងព័ត៌មានជាដើម។
លោកស្រី Dana Dong នាយិកាប្រតិបត្តិ, លោក Hendrick Huang នាយកប្រតិបត្តិរងអចិន្ត្រៃយ៍ លោក Xiao Mei នាយកប្រតិបត្តិរង និងលោកស្រីWang Jianhong នាយកហិរញ្ញវត្ថុ(CFO) មកពីក្រុមហ៊ុនHyalRoute Group ព្រមទាំងតំណាងជាច្រើនរូបទៀតមកពីក្រុមហ៊ុន(ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក(ហៅកាត់ជាភាសាអង់គ្លេស CFOCN) បានទទួលការអញ្ជើញជាពិសេស ចូលរួមក្នុងពិធីនេះ ដើម្បីសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន HyalRouteGroup និងក្រុមហ៊ុន CFOCN ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអ្នកគាំទ្រនិងភាគីអនុវត្តចម្បងនៃគម្រោងបណ្តាញផ្ទៃក្នុង អ៉ីនត្រាណិតតេជោ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាង និងប្រតិបត្តិការនៃគម្រោងបណ្តាញអ៊ីនត្រាណិតនេះ។
លោក Hendrick Huang តំណាងឱ្យក្រុមហ៊ុន HyalRouteGroup បានរំលឹកឡើងវិញដោយក្ដីរំភើប អំពីទឹកចិត្តស្នេហាជាតិ និងមាតុភូមិដ៏ជ្រាលជ្រៅរបស់លោក Huang Xinglong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HyalRoute Group និងជាស្ថាបនិកក្រុមហ៊ុន CFOCN ។ តាមរយៈស្មារតីឧស្សាហ៍ព្យាយាម និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាសហគ្រិន លោកបានបង្កើតក្រុមហ៊ុន CFOCN នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៦ ដែលនេះគឺជាការបើកទំព័រថ្មីនៃដំណើរដ៏លំបាកក្នុងការវិនិយោគ និងស្ថាបនាបណ្តាញ ខ្សែកាប្លិ៍អុបទិកទូរគមនាគមន៍នៅទូទាំងប្រទេសកម្ពុជា។
លោកបានបន្តថា ក្នុងស្មារតី «ផឹកទឹកនឹកដល់ប្រភព» ក្រុមហ៊ុន HyalRouteGroup និងក្រុមហ៊ុន CFOCN សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាលជាច្រើនរូបទៀត ចំពោះការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងធំធេងដល់ក្រុមហ៊ុន ជាពិសេសការគាំទ្រដ៏មានតម្លៃពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានា ដែលធ្វើឱ្យក្រុមហ៊ុន CFOCN ឆ្លងកាត់ការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ អាចសម្រេចបានដោយជោគជ័យនូវការវិនិយោគស្ថាបនាបណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង ២៥.០០០ ម៉ឺនគីឡូម៉ែត្រ និងការតភ្ជាប់បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ AAE-1 ដែលតភ្ជាប់ប្រទេសចំនួន ១៨ ក្នុងតំបន់ទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។
បច្ចុប្បន្ននេះ ក្រុមហ៊ុន CFOCN បានអភិវឌ្ឍខ្លួនក្លាយជាអ្នកវិនិយោគ និងជាប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ធំជាងគេបំផុតនៅកម្ពុជា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់បណ្តាញទូរគមនាគមន៍រវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល ជួយឱ្យប្រជាជនកម្ពុជាទាំង ១៧លាននាក់ អាចទទួលបានសេវាទូរគមនាគមន៍ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យកាត់បន្ថយគម្លាតឌីជីថលជាមួយប្រទេសអភិវឌ្ឍន៍ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានសន្ទុះយ៉ាងឆាប់រហ័ស។
រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដែលក្នុងនោះបានកំណត់យករដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល ជាការងារអាទិភាព និងសំខាន់បំផុត។ ក្រុមហ៊ុន CFOCN ប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការកសាងគម្រោងឌីជីថលនីយកម្មជាតិ ដើម្បីសម្រេចបាននូវរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
លោក Huang He បានលើកឡើងថា កាលពីឆ្នាំ២០១៩ក្នុងអំឡុងពេលដែលលោក Huang Xinglong ប្រធានក្រុមប្រឹក្សាភិបាល បានអញ្ជើញចូលរួមក្នុង «វេទិកាឌីជីថល» ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ លោកប្រធានបានពិភាក្សា និងឯកភាពគ្នាជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការឱ្យក្រុមហ៊ុនCFOCN ផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការកសាងគម្រោងបណ្តាញផ្ទៃក្នុង អ៊ីនត្រាណិតតេជោ ដោយតភ្ជាប់បណ្តាញខ្សែកាប្លិ៍អុបទិកជូនដល់គ្រប់អង្គភាពចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានរតនាគារជាតិជាដើមដើម្បីបង្កើតឱ្យបាននូវបណ្តាញឯកជនរបស់រដ្ឋាភិបាលមួយដែលមានសុវត្ថិភាព ជឿទុកចិត្តបាន និងមាននិរន្តរភាព។
គម្រោងនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាពការងារយ៉ាងខ្លាំងដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ដូចជាផ្នែកពន្ធដារ គយ និងរតនាគារជាតិ ព្រមទាំងជួយកាត់បន្ថយចំណាយហិរញ្ញវត្ថុ និងប្រើប្រាស់ធនធានបណ្តាញបច្ចេកវិទ្យាទំនើប និងបទពិសោធន៍ប្រតិបត្តិការរបស់ក្រុមហ៊ុនCFOCN ដើម្បីជួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបាននូវការគ្រប់គ្រងទិន្នន័យព័ត៌មានតាមប្រព័ន្ធបណ្តាញ និង កសាងនិងប្រតិបត្តិការបណ្តាញអ៊ីនត្រាណិតនេះ ឱ្យទៅជាគម្រោងគំរូដំបូងគេបង្អស់នៃរដ្ឋាភិបាលឌីជីថលកម្ពុជា។
ក្រុមហ៊ុន CFOCN បានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរួមគ្នាឈានចូលទំព័រថ្មីនៃការកសាងគម្រោងយុទ្ធសាស្ត្រ«បណ្តាញហិរញ្ញវត្ថុផ្ទៃក្នុង អ៊ីនត្រាណិតតេជោ »។ បណ្តាញខ្សែកាប្លិ៍អុបទិកផ្ទៃក្នុង ដែលបង្កប់ក្រោមដីនេះ មានប្រវែងរហូតដល់ ៧.១៨៣គីឡូម៉ែត្រ គ្របដណ្តប់ទូទាំងប្រទេស និងតភ្ជាប់ស្ថានីយគោលដៅជាង ៤០០ កន្លែងតាមការគ្រោងទុក។ វាមិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសរសៃឈាមធំឌីជីថលដែលនាំមកនូវក្តីសង្ឃឹមនិងប្រសិទ្ធភាពសម្រាប់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសកម្ពុជា។វាបានភ្ជាប់ខ្សែជីវិតសេដ្ឋកិច្ចហិរញ្ញវត្ថុ ពន្ធដារគយ និងរតនាគារជាតិពីកម្រិតថ្នាក់ជាតិដល់កម្រិតថ្នាក់មូលដ្ឋាន។វាបញ្ជូនទិន្នន័យហិរញ្ញវត្ថុទាន់ពេលវេលា និងត្រឹមត្រូវ ហើយវាគាំទ្រដល់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលមានតម្លាភាព ប្រសិទ្ធភាព និងទំនើបកម្មជាងមុន។
ក្រុមហ៊ុន CFOCN និងក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនានារួមទាំងវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីសម្រេចបាននូវការតភ្ជាប់បណ្តាញនៅតាមស្ថានីយសំខាន់ៗ និងបន្ទាន់ចំនួន១៧៧ ការដ្ឋាននៃគម្រោងជំហានទី១ តាមការគ្រោងទុកប្រកបដោយជោគជ័យ ដែលធានាបាននូវដំណើរការយ៉ាងរលូននៃគម្រោងបណ្តាញហិរញ្ញវត្ថុផ្ទៃក្នុង អ៊ីនត្រាណិតតេជោ ជំហានទី១។ គម្រោងជំហានទី១ បានប្រតិបត្តិការដោយមានស្ថេរភាពអស់រយៈពេលប្រាំឆ្នាំមកហើយ ហើយការសាងសង់គម្រោងជំហានទី២ និងស្ថានីយ៍ក្រោយៗទៀតក៏កំពុងដំណើរការជាបន្តបន្ទាប់ទៅដោយរលូនផងដែរ។
រហូតមកដល់បច្ចុប្បន្ននេះ យើងបានវិនិយោគប្រមាណជាង ៣១,៩៥ លានដុល្លារអាមេរិកនៅក្នុងបណ្តាញហិរញ្ញវត្ថុ និងពន្ធដារនេះ និងបានបង្កើតក្រុមការងារជំនាញថែទាំចំនួន ២៩ ក្រុម ដើម្បីផ្តល់ការគាំទ្រប្រតិបត្តិការ និងថែទាំ ២៤ម៉ោងលើ២៤ម៉ោង។ យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញប្រតិបត្តិការដ៏ជោគជ័យនៃបណ្តាញហិរញ្ញវត្ថុផ្ទៃក្នុងនេះ ហើយបានជួយធានាយ៉ាងរឹងមាំនូវដំណើរការយ៉ាងរលូន និងមានសុវត្ថិភាពនៃប្រព័ន្ធហិរញ្ញវត្ថុ និងពន្ធដារជាតិ ព្រមទាំងបានលើកកម្ពស់យ៉ាងខ្លាំងនូវកម្រិតឌីជីថលនីយកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងពន្ធដារ ដែលទទួលបានការវាយតម្លៃខ្ពស់ និងការកោតសរសើរជាឯកច្ឆ័ន្ទពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាផងដែរ។
បណ្តាញ អ៊ីនត្រាណិតតេជោជំហានទី១នេះ បានក្លាយជាគម្រោងគំរូសម្រាប់បណ្តាញហិរញ្ញវត្ថុផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាសមិទ្ធផលដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងឌីជីថលូបនីយកម្មផងដែរ។
នៅក្នុងពិធីនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់បណ្តាញពិសេសផ្ទៃក្នុង TECHO INTRANET ក្នុងការជំរុញកំណែទម្រង់និងទំនើបកម្មហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសកម្ពុជា ព្រមទាំងការបង្កើនសមត្ថភាពអភិបាលកិច្ច។
អគ្គបណ្ឌិតសភាចារ្យបានលើកឡើងថា ការអនុវត្តគម្រោង «អេហ្វអឹមអាយអេស(FMIS)» ត្រូវបានចាត់ទុក ថាជាឆ្អឹងខ្នងដ៏ចាំបាច់ពុំអាចខ្វះបាន និង បានប្រែក្លាយទៅជាត្រីវិស័យដ៏សំខាន់មួយ សម្រាប់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់យើងឱ្យកាន់តែមុតស្រួច ដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និង មានគោលដៅជាសារវ័ន្តក្នុងការ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងបរិកាណ៍កម្ពុជា។នាពេលបច្ចុប្បន្នរយៈពេលអនុម័តជាមធ្យមនៃការទូទាត់ចំណាយ របស់ក្រសួងស្ថាប័នរដ្ឋនៃប្រទេសកម្ពុជា បានកាត់បន្ថយពី ៣១ថ្ងៃ ក្នុងឆ្នាំ២០២១ មកនៅត្រឹម៩ ថ្ងៃ ក្នុងឆ្នាំ២០២៥។
ប្រព័ន្ធ FMIS បានគាំទ្រដល់ការអនុវត្តពេញលេញនៃការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការទូទាត់ជូនអ្នកផ្គត់ផ្គង់ ដែលត្រូវបានអនុវត្តពេញលេញ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយការប្រើប្រាស់ EFT នេះ បានកើនដល់ ៩៥% ក្នុងឆ្នាំ ២០២៥ ខណៈនៅឆ្នាំ ២០២១ មានត្រឹមតែ ៨% ប៉ុណ្ណោះ ។
អគ្គបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចបាននូវការងាររដ្ឋបាលគ្មានក្រដាស នឹងបង្កើនប្រសិទ្ធភាព និងកម្រិតវិជ្ជាជីវៈនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តថវិកាជាតិរបស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
«អ៊ីនត្រាណិតតេជោ» បានផ្តល់នូវការតភ្ជាប់បណ្តាញដែលមានស្ថិរភាពសម្រាប់ប្រព័ន្ធ FMIS ដែលធ្វើឱ្យប្រព័ន្ធនេះក្លាយជាប្រព័ន្ធស្នូលតែមួយគត់ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅប្រទេសកម្ពុជា។
ក្រុមហ៊ុន (ខេមបូឌា) ហ្វីបើរអុបទិចខមញូនីខេសិន ណេតវើក (CFOCN) បានស្ថាបនា និងប្រគល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវបណ្តាញអ៉ិនត្រាណិតជំហានទី១ ដោយជោគជ័យ ដើម្បីចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជា។ តាមរយៈការកសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទំនើប រឹងមាំ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ គម្រោងបណ្តាញនេះ បានក្លាយជាការគាំទ្រផ្នែកបច្ចេកទេសដ៏សំខាន់សម្រាប់គោលដៅដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក Hendrick Huang បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវមួយរូបនៅក្នុង «ហេដ្ឋារចនាសម្ព័ន្ធឌីជីថល»របស់ប្រទេសកម្ពុជា ក្រុមហ៊ុន CFOCN ជឿជាក់យ៉ាងមុតមាំថាគ្រឹះបណ្តាញខ្សែកាប្លិ៍អុបទិកដ៏រឹងមាំ គឺជាលក្ខខណ្ឌដំបូងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ចាប់ពីបណ្តាញខ្សែកាប្លិ៍អុបទិកលើគោក រហូតដល់បណ្តាញខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ចាប់ពីបណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងជាតិបណ្តាញខ្សែកាប្លិ៍អុបទិកចែកចាយ (Access) រហូតដល់បណ្តាញពិសេសផ្ទៃក្នុង TECHO INTRANET យើងតែងតែប្ដេជ្ញាចិត្តកសាងគ្រឹះឌីជីថលដ៏រឹងមាំ សម្រាប់អ៊ីនធឺណិតនៃវត្ថុ(Internet of Things) នៅក្នុងប្រទេសកម្ពុជា។
យុទ្ធសាស្ត្របញ្ចកោណ និងផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍ឧស្សាហកម្ម 4.0 ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញបានបង្ហាញពីចក្ខុវិស័យឌីជីថលដ៏អស្ចារ្យ។ ក្រុមហ៊ុន CFOCN មានឆន្ទៈក្នុងការបន្តធ្វើជាអ្នកគាំទ្រដ៏រឹងមាំ និងជាអ្នកចូលរួមចំណែកយ៉ាងសកម្មចំពោះចក្ខុវិស័យនេះ និងទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយប្រទេសកម្ពុជាក្នុងវិស័យជាច្រើនបន្ថែមទៀត រួមទាំងធុរកិច្ចអ៊ីនធឺណិត(ISP) បណ្តាញតចូលគេហដ្ឋាន(FTTH) និងមជ្ឈមណ្ឌលទិន្នន័យ(Data Center)ជាដើម ដើម្បីរួមគ្នាជំរុញការសម្រេចបាននូវគោលដៅឌីជីថលកម្ពុជា ឱ្យបានយ៉ាងឆាប់រហ័ស។
លោក IGOR DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា សហភាពអឺរ៉ុប(EU) ដែលមានប្រទេសជាសមាជិកចំនួន ២៧ នៅអឺរ៉ុប គាំទ្រយ៉ាងពេញទំហឹងដល់ការកសាងបណ្តាញហិរញ្ញវត្ថុផ្ទៃក្នុង និងគម្រោងពាក់ព័ន្ធនានារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយនឹងផ្តល់ការគាំទ្រលើគ្រប់រូបភាព រួមទាំងហិរញ្ញវត្ថុ និងបច្ចេកទេសផងដែរ។
ពិធីនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើឌីជីថលនីយកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិកនៅទូទាំងប្រទេស ហើយនេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការដែលឈ្នះ-ឈ្នះជាមួយគ្នា និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមករវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនជំនាញអន្តរជាតិក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នដឹកនាំ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅប្រទេសកម្ពុជា។ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅប្រទេសកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្នុងអំឡុងពេលនៃពិធីប្រគល់ និងទទួលគម្រោង TECHO INTRANET ជំហាន ទី ១និងពិធីប្រកាសអនុវត្ត គម្រោងជំហានទី ២ នៅថ្ងៃទី ៧ ខែមេសានៅសណ្ឋាគារសុខាភ្នំពេញ។ក្រុមហ៊ុន CFOCN រួមជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្រុមហ៊ុនផ្គត់ផ្គង់ និងធនាគារពាណិជ្ជក្នុងស្រុកបានចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន CFOCN បានបង្ហាញនូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មកម្រិតលេខ១ ប្រកបដោយលក្ខណៈពិសេសរបស់ខ្លួន ជាចម្បងរួមមាន សេវាបណ្តាញក្នុងក្រុង (Metro FOC) និងបណ្តាញឆ្អឹងខ្នង (Backbone FOC) សេវាបណ្តាញតចូលគេហដ្ឋាន (FTTH/FTTx) សេវាជួលបន្ទប់ម៉ាស៊ីន (E-room/POP Colocation) និងសេវាបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ AAE-1 និងស្ថានីយឡើងគោក៕















