សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសាររំលែកទុក្ខចំពោះមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ផូ ភួង ត្រូវជាម្តាយបង្កើត នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ

08-04-2026 13:06

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សារលិខិតរំលែកមរណទុក្ខ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ផូ ភួង ត្រូវជាម្តាយបង្កើត លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។

លិខិតនោះមានខ្លឹមសារដូចតទៅ, ខ្ញុំពិតជាមានសេចក្តីតក់ស្លុតរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅ ជាទីបំផុតថា របស់ ឯកឧត្តមនាយឧត្តម សេនីយ៍ បានទទួលមរណភាពនៅថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ។

ក្នុងបរិយាកាសដ៏សែនវិយោគសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ប្រកបដោយសមាន ទុក្ខដ៏ធំធេង ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំនេះ ដោយសេចក្តីសោកសង្វេគជាទីបំផុត ព្រោះថាមរណភាពរបស់ សីលាភិរ័ត្នសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គឺជាការបាត់បង់នូវ ម្តាយបង្កើត ម្តាយក្មេក ជីដូន និងជីជូនទូត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយគុណធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ល្អប្រពៃ ដែលកន្លងមក អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ បានចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំផ្តល់ដំបូន្មានល្អៗ ដល់បុត្រាបុត្រី និងចៅៗ ឱ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ លើសពីនេះ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ បានបរិច្ចាគកម្លាំងកាយចិត្ត និងទ្រព្យធនផ្ទាល់ខ្លួនដោយ សទ្ធាជ្រះថ្លាបំផុត ចូលរួមក្នុងកិច្ចការសង្គម និងកសាងសមិទ្ធផលនានា ដើម្បីជួយឧបត្ថម្ភដល់ជនក្រីក្រគ្មាន ទីពំនឹងប្រកបដោយទឹកចិត្តសប្បុរសធម៌ និងមនុស្សធម៌ ព្រមទាំងបានទ្រទ្រង់ និងលើកកម្ពស់វិស័យព្រះពុទ្ធ សាសនានៅកម្ពុជាថែមទៀតផង។

ក្នុងវេលាប្រកបដោយក្តីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ នាងខ្ញុំសូមបួងសួង ដល់គុណបុណ្យតេជះព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា និង សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមនាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនា រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីខ្ញុំ៕