សម្តេចតេជោ ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិ ជួយផ្សព្វផ្សាយពីកម្ពុជា ដល់អ្នកវិនិយោគតួកគី ដើម្បីមកវិនិយោគ និងមកទស្សនាកម្ពុជា
08-04-2026 13:21
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជា នៅក្នុងប្រទេសតួកគី មានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជា ដល់អ្នកវិនិយោគតួកគី ដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។
ការស្នើនេះ បានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរ និងជម្រាបលា បន្ទាប់ពីលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយក្នុងពេលដែលសម្ដេចបានជួបលោកស្រីជាថ្មី បើទោះបីជាពេលនេះលោកស្រីត្រូវផុតផុតអាណត្តិបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជាក្តី។ សម្ដេចតេជោបានកោតសរសើរចំពោះលោកស្រី ក្នុងរយៈពេលនៃបេសកកម្មជាឯកអគ្គរដ្ឋទូត សម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងតួកគី ដែលមកដល់ពីនេះប្រទេសទាំងពីរកំពុងតែមានទំនាក់ទំនងដ៏ល្អ និងរីកចម្រើនជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះ លោកស្រី Ülkü Kocaefe បានសម្ដែងនូវការអរគុណដែលសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានជួបជម្រាបលានៅក្នុងឱកាសនេះ។ លោកស្រីបានរាយការណ៍នូវការងាររបស់លោកស្រី នៅពេលកន្លង ជូនចំពោះសម្ដេចតេជោ ដោយបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗក្នុងអាណត្តិ សម្រាប់ការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគី នោះគឺសមិទ្ធផលមានដូចជា នៅក្នុងអាណត្តិការងាររបស់ស្រី បានបង្កើតនូវការិយាល័យតួកគីនៅកម្ពុជា និងសមិទ្ធផលដ៏សំខាន់ដែលទើបតែសម្រេចបាននៅចុងឆ្នាំ២០២៥ នោះគឺការបង្កើតនូវជើងហោះហើរតួកគីមកកាន់កម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគីឱ្យកាន់តែរីកចម្រើនទាំងនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មនិងផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន។
លោកស្រីបានសម្ដែងនូវការជាប់ចិត្តចំពោះប្រជាជនកម្ពុជា ជាពិសេសគឺស្នាមញញឹមរបស់ប្រជាជនកម្ពុជា ដែលមិនអាចធ្វើឱ្យលោកស្រីមិនអាចបំភ្លេចបានឡើយ។ លោកស្រី ក៏បានលើកឡើងថា បើទោះបីជាពេលនេះផុតអាណត្តិការងារឈប់ធ្វើជាឯករដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែលោកស្រីនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត ដែលនេះជាសារដែលបង្ហាញពីការពេញចិត្តចំពោះប្រទេសកម្ពុជា។
សម្ដេចតេជោ បានសម្ដែងនូវក្តីពេញចិត្តយ៉ាងក្រៃលែងចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកស្រី ចំពោះការពេញចិត្តប្រជាជនកម្ពុជាក៏ដូចជាជាប្រទេសកម្ពុជា។ សម្ដេចក៏បានលើកឡើង ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលកន្លងមកលោកស្រីបានខិតខំប្រឹងប្រែងខ្លាំងណាស់នៅក្នុងការពង្រីកនូវទំនាក់ទំនង រវាងកម្ពុជានិងតួកគី។
សម្ដេចក៏សរសើរតាមរយៈដែលលោកស្រីបានខិតខំបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្ម វប្បធម៌ និងជើងហោះហើរពីតួកគី ដែលជាចរន្តនៃការគាំទ្រដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងតួកគីឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹករបស់កម្ពុជា នៅក្នុងបញ្ហាព្រំដែន កម្ពុជា-ថៃ។ សម្ដេចតេជោក៏ឆ្លៀតពន្យល់អំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែលលោកស្រីបានជ្រាបផងដែរជាពិសេស គឺជំហររបស់កម្ពុជាក្នុងការរក្សានូវបទឈប់បាញ់ឱ្យបានយូរអង្វែង និងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដោយទាក់ទងទៅនឹងមិត្តភាពរវាងកម្ពុជា និងតួកគី ដែលក្នុងនោះសម្ដេចតេជោបានរំលឹកដល់នូវពាក្យដ៏មានអត្ថន័យរបស់លោកស្រីថា លោកស្រីនឹងនៅជាមិត្តរបស់កម្ពុជាអស់មួយជីវិតនោះ៕
















