គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាផែនការការពារ និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
08-04-2026 13:46
(សៀមរាប)៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការពិភាក្សាផែនការការពារ និងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តីទៅ នៅថ្ងៃទី១៤, ១៥, និង ១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ។
កិច្ចប្រជុំនេះ ដោយមានការចូលពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកអភិបាលក្រុង ស្រុកទាំង១៣ នាយក នាយករងរដ្ឋបាលសាលាខេត្ដ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្តសៀមរាប ។
លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានណែនាំដល់កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង ស្រុក និងអធិការក្រុង ស្រុកទាំង១៣ក្រុង ស្រុកត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព រួមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស និងជាពិសេសផងដែលត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក អភិបាលខេត្តសៀមរាប បានបន្តថា រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ពង្រឹងសណ្ដាប់ធ្នាប់ អនាម័យ និងគ្រប់គ្រងសំរាមនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឱ្យបានល្អប្រសើរ និងបានណែនាំឱ្យអាជ្ញាធរខេត្ដសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បង្កើតកម្មវិធីផ្សេងៗបន្ដទៀតដើម្បីជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្ដសៀមរាបកាន់តែច្រើន៕














