អភិបាលស្រុកត្រាំកក់ចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

08-04-2026 14:04

(តាកែវ)៖ អភិបាលស្រុកត្រាំកក់ លោក កេត ម៉ៅ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ជូនសម្ភារៈ ព្រមទាំងថវិកាមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងទាំង ៣ប្រភេទ រួមមាន អធិការដ្ឋាននគរបាលស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក និងផ្នែកសឹករងស្រុកត្រាំកក់។

លោក កេត ម៉ៅ បានលើកឡើងថា ការចុះសួរសុខទុក្ខដល់កងកម្លាំងនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង ស្មារតី និងគាំទ្រដល់បេសក កម្មរបស់កងកម្លាំងសមត្ថកិច្ច ដែលកំពុងខិតខំប្រឹង ប្រែងការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យសប្បាយរីករាយនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះពលិកម្មរបស់កងកម្លាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដែលគ្មានខ្លាចការនឿយហត់និងដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា៕