ថ្នាក់ដឹកនាំខេត្តក្វាងងាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

08-04-2026 14:05

(រតនគិរី)៖ ថ្នាក់ដឹកនាំខេត្តក្វាងងាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកហូ វ៉ាន់នៀន សមាជិក គណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្តក្វាងងាយ បានអញ្ជើញជួប សំណេះសំណាល សួរសុខទុក្ខ និងជូនពរលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័កព.ស២៥៧០
គ.ស២០២៦ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ ជំនួបនេះធ្វើឡើងនៅសាលប្រជុំ (VlP) សាលាខេត្តរតនគិរី រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងជំនួបនេះលោក ញ៉ែម សំអឿន បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងងាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចំណាយពេលដ៏មមាញឹក និងមានតម្លៃ ដឹកនាំគណៈប្រតិភូខេត្តក្វាងងាយមកសំណេះសំណាល សួរសុខថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីពង្រឹង រឹតចំណង សាមគ្គីភាព មិត្តភាពកិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភគាំទ្រ និងការ ផ្លាស់ប្តូរ បទពិសោធន៍ ព័ត៌មានជូនគ្នាទៅវិញទៅមក និងថែរក្សាវប្បធម៌ប្រពៃណីឱ្យបានគង់វង្ស និងរឹងមាំយូរអង្វែង។

លោក ញ៉ែម សំអឿន បានចាត់ទុកជំនួប គឺជាសក្ខីភាព បង្ហាញពីការផ្លាស់ប្តូរប្រតិភូការសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមក ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីប្រទេសនីមួយៗ ហើយខេត្តទាំងពីរ នឹងបន្តសកម្មភាពបន្តទៀត ដើម្បីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសនៅតាមព្រំដែនអោយទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍។

លោក ហូ វ៉ាន់នៀន បានលើកឡើងពីទំនាក់ទំនងមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការរវាងខេត្តរតនគិរី និងខេត្តក្វាងងាយ គឺឈរលើស្មារតីកិច្ចសហការសម្ព័ន្ធមេត្រីភាព រវាងប្រទេសទាំងពីរ «វៀតណាម-កម្ពុជា»

ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ហូ វ៉ាន់នៀន ព្រមទាំងប្រតិភូអមដំណើរ បានជូនពរលោកអភិបាលខេត្តរតនគិរី ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕