សម្តេចមហាសុមេធាធិបតី អំ លីមហេង ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ

08-04-2026 14:15

(ភ្នំពេញ)៖ ថ្ងៃទី៨ ខែមេសា នេះ ជាទិវាព្រះពុទ្ធសាសនាអន្តរជាតិ។ សម្តេចព្រះមហា​សុ​មេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកទិវានេះ ជាទិវាដ៏មហោឡារិកជាទីបំផុតក្នុងការរំលឹកដល់ថ្ងៃដែលព្រះករុណា ព្រះបាទ សម្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ ទទួលបានព្រះគោរមងារកិត្តិយសដ៏ឧត្តុង្គឧត្តមជា «ព្រះស្រីលោកធម្មិករាជ»។

សម្តេចព្រះមហា​សុ​មេធាធិបតី អំ លីមហេង មានព្រះរាជបន្ទូលរំលឹកថា ព្រះគោរមងារកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ ឆ្លុះបញ្ចាំងពីព្រះរាជកាយវិការប្រកបដោយទសពិធរាជធម៌ និងគុណធម៌របស់ព្រះករុណាអម្ចាស់ជីវិតក្នុងការទ្រទ្រង់ និងឧបត្ថម្ភព្រះពុទ្ធសាសនា ជាពិសេសព្រះរាជព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា ឧបេក្ខា) សេចក្តីសន្តោស និងព្រះរាជហឫទ័យដ៏មហាសាលក្នុងងការស្រឡាញ់ចំពោះពុទ្ធបរិស័ទ ប្រជានុរាស្ត្រខ្មែរ និងមនុស្សជាតិទូទៅដោយគ្មានការរើសអើង គ្មានការប្រកាន់វណ្ណៈ ពណ៌សម្បុរ និងជំនឿសាសនាសោះឡើយ។

សម្តេចព្រះមហា​សុ​មេធាធិបតី អំ លីមហេង បន្តរំលឹកថា ព្រះគោរមងារកិត្តិយសដ៏ឧត្តុង្គ​ឧត្តម​នេះ ជានិមិត្តរូបនៃសាមគ្គីធម៌ក្នុងសង្គមខ្មែរ និងពិភពលោកទាំងមូលក្នុងការ​កសាង​សេចក្តីសុខ សន្តិភាព ភាតរភាព សន្តិសហវិជ្ជមាន តាមមាគ៌ាដ៏ផូរផង់របស់
ព្រះពុទ្ធសាសនាដោយផ្អែកលើអរិយមគ្គទាំងប្រាំបី គឺសម្មាទិដ្ឋិ សម្មាសង្កប្បា សម្មា​វា​ចា សម្មាកម្មន្តោ សម្មាអាជីវោ សម្មាវាយាមោ សម្មាសតិ សម្មាសមាធិ។

គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃគ្រប់អង្គ ប្រជាពុទ្ធបរិស័ទ​ខ្មែរ​គ្រប់រូប និងពុទ្ធបរិស័ទជុំវិញពិភពលោក សូមសម្តែងនូវអំណរសាទរ បីតិសោមនស្ស​រីករាយ និងមោទនភាពយ៉ាងខ្លាំងក្លាជាទីបំផុតចំពោះគោរមងារដ៏ថ្លៃថ្លាបំផុតនេះ។

តាងនាមគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃគ្រប់ព្រះអង្គ ប្រជា​ពុទ្ធ​បរិស័ទខ្មែរ និងពុទ្ធបរិស័ទជុំវិញពិភពលោកទាំងមូល សូមថ្វាយនូវព្រះរាជសព្វ​សាធុ​ការពរចំពោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា ឆ្នាំ២០២៦នេះ សូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរ ព្រះកាយពលមាំមួន ព្រះ​បញ្ញា​ញាណឈ្លាសវៀងវៃ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា គង់ជាម្លប់​សម្រាប់​ព្រះពុទ្ធសាសនា ប្រជានុរាស្ត្រខ្មែរ និងសេចក្តីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រ​កម្ពុជាជាយូរអង្វែងតរៀងទៅ៕