ឯកឧត្តម ហាក់ សុខមករា ផ្ញើសាររំលែកទុក្ខជូនឯកឧត្តម នាយឧត្តមសេយ៍ ស ថេត ចំពោះមរណភាពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាម្តាយបង្កើត
08-04-2026 14:21
(ភ្នំពេញ)៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានផ្ញើសាររំលែកមរណទុក្ខជូនឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។
យើងខ្ញុំ មានសេចក្ដីក្ដុកក្ដួល និងរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំពីមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាម្តាយបង្កើត និងម្តាយក្មេក ជាទីគោរពស្រឡាញ់របស់ឯកឧត្តម និងលោកជំទាវ កាលពីថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួតជាទីគោរពស្រលាញ់បំផុតដែលមិនអាចកាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូដ៏ល្អប្រពៃមួយ រូបចំពោះបុត្រធីតា និងចៅៗ ជាពិសេសជាការបាត់បង់នូវពុទ្ធសាសនិក មួយរូបដែលមានសទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។
សមានចិត្តដ៏សប្បុរសល្អប្រពៃ សទ្ធាជ្រះថ្លាដោយកុសលផលបុណ្យ ជាគំរូវីរភាពប្រកបដោយក្តី មេត្តាករុណារបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង នឹងស្ថិតនៅជាប់ជានិច្ចនិរន្តរ៍ជាមួយ បុត្រធីតា ចៅៗ និងពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់។
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕




